ប្រទេសអូទ្រីស បារាំង អាល្លឺម៉ង់ ប៉ូឡូញ និងប្រទេសស្វីស បានប្រកាសថា ខែ កញ្ញា ជាខែដែលក្តៅបំផុតក្នុងកំណត់ត្រាកាលពីនៅថ្ងៃសុក្រ ទី២៩ ខែកញ្ញា ជាឆ្នាំមួយដែលត្រូវបានគេរំពឹងថាក្តៅបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ខណៈបម្រែបម្រួលអាកាសធាតុកើនឡើង។ អាកាសធាតុក្តៅមិនសមហេតុផលនៅទ្វីបអឺរ៉ុប បានកើតឡើងបន្ទាប់ពីអ្នកតាមដានអាកាសធាតុរបស់សហភាពអឺរ៉ុប បាននិយាយកាលពីដើមខែនេះថា សីតុណ្ហភាពសកលនៅក្នុងរដូវក្តៅនៅអឌ្ឍគោលខាងជើង មានកម្តៅក្តៅបំផុតក្នុងកំណត់ត្រា។
អាជ្ញាធរអាកាសធាតុបារាំង Meteo-France ( ម៉េតេអូ-ហ្វង់ស៍) បាននិយាយថា សីតុណ្ហភាពក្នុងខែកញ្ញា ជាមធ្យមនៅក្នុងប្រទេសនឹងមានប្រហែល ២១,៥ អង្សាសេ ចន្លោះពី ៣,៥ អង្សាសេ និង ៣,៦ អង្សាសេ លើសពីអំឡុងពេលយោងទៅរកឆ្នាំ ១៩៩១-២០២០។ សីតុណ្ហភាពជាមធ្យម នៅក្នុងប្រទេសបារាំង មានលើសពីបទដ្ឋានប្រចាំខែជាប្រចាំអស់រយៈពេលជិត២ឆ្នាំមកហើយ។ នៅប្រទេសអាល្លឺម៉ង់ ដែលនៅជិតខាង ការិយាល័យអាកាសធាតុ DWD បាននិយាយថា ខែនេះគឺជាខែកញ្ញាដែលក្តៅបំផុតចាប់តាំងពីកំណត់ត្រាជាតិ បានចាប់ផ្តើម ដែលស្ទើរតែមានកម្រិត ៤ អង្សាសេ ខ្ពស់ជាងកម្រិតមូលដ្ឋានឆ្នាំ ១៩៦១-១៩៩០ ។ វិទ្យាស្ថានអាកាសធាតុរបស់ប្រទេសប៉ូឡូញ បានប្រកាសថា សីតុណ្ហភាពក្នុងខែកញ្ញា គឺខ្ពស់ជាងជាមធ្យម ៣,៦ អង្សាសេ ហើយក្តៅបំផុតសម្រាប់ខែនេះ ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមជាង ១០០ ឆ្នាំកន្លងទៅនេះ។ ស្ថាប័នអាកាសធាតុជាតិ នៅក្នុងបណ្តាប្រទេសតំបន់ភ្នំ មានប្រទេសអូទ្រីស និងស្វីស ក៏បានកត់ត្រាសីតុណ្ហភាពជាមធ្យមក្នុងខែកញ្ញាថា ក្តៅបំផុតមិនធ្លាប់មាន មួយថ្ងៃបន្ទាប់ពីការសិក្សាមួយបានបង្ហាញថាផ្ទាំងទឹកកកប្រទេសស្វីស បានបាត់បង់ ១០ ភាគរយនៃបរិមាណរបស់វាក្នុងរយៈពេល ២ ឆ្នាំ ក្នុងពេលមានកម្តៅខ្លាំង។ វិទ្យាស្ថានអាកាសធាតុជាតិប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់ បានព្រមានថា សីតុណ្ហភាពក្តៅមិនប្រក្រតី នឹងកើនឡើងនៅចុងសប្តាហ៍នេះ ដោយសារធាតុបារត ឡើងដល់ ៣៥ អង្សាសេ នៅតំបន់ភាគខាងត្បូងប្រទេសអេស្ប៉ាញកាលពីថ្ងៃសុក្រ។