
ភ្នំពេញ៖ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា កាលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានទទួលជួបសវនាការ និងទទួលអំណោយពី សមាគមយុវជនខ្មែររួមគ្នាដើម្បីប្រជាជនកម្ពុជា និងអភិវឌ្ឍន៍សង្គម ដែលដឹកនាំដោយឯកឧត្តម សៀង បូរិទ្ធ ប្រធានសមាគម។
ក្នុងឱកាសនោះលោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏សប្បុរសរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមយុវជនខ្មែររួមគ្នាដើម្បីប្រជាជនកម្ពុជា និងអភិវឌ្ឍន៍សង្គម ដែលបាននាំយកថវិកាមកឧបត្ថម្ភដល់ កាកបាទក្រហមកម្ពុជា ជាបន្តបន្ទាប់។
លោកជំទាវ ក៏បានជម្រាបជូនពីសកម្មភាពការងាររបស់ កាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត នៅតាមសហគមន៍ ក៏ដូចជាការអប់រំផ្សព្វផ្សាយពីការ លើកកម្ពស់សុខភាពសាធារណៈ ការលើកកម្ពស់បរិស្ថាន ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ល។ ហើយនៅថ្ងៃទី ៣០ ខែកញ្ញា នេះ កាកបាទក្រហមកម្ពុជា ចូលរួមជាមួយ ក្រសួងបរិស្ថាន ស្ថាប័នពាក់ព័ន្ធ ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅខេត្តកំពង់ឆ្នាំងផងដែរ។
ជាកិច្ចឆ្លើយតប ឯកឧត្តម សៀង បូរិទ្ធ តំណាងឱ្យសមាគម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានអនុញ្ញាតដល់ សមាគមបានចូលរួមចំណែកការងារមនុស្សធម៌ជាមួយ កាកបាទក្រហមកម្ពុជា៕ អត្ថបទ៖ សំ ងីម



