
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា លោកជំទាវ Wendy Sherman អនុរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី០១មិថុនានេះ ដែលទស្សនកិច្ចនេះ នឹងនាំមកនូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរជាងមុនរវាងសហរដ្ឋអាមេរិក និងកម្ពុជា។
បើតាមឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបាន ប្រាប់ដល់ប្រព័ន្ធសារព័ត៌មាន បានបញ្ជាក់ថា អំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី០១ មិថុនា គឺដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរកម្ពុជា អាមេរិក វាជា ទម្លាប់ការទូតមួយ ក្រោយមន្ត្រីការទូតថ្មី នៃរដ្ឋាភិបាលថ្មី របស់ប្រទេសមួយឡើងកាន់តំណែងនោះ អ្នកការទូត នៃរដ្ឋាភិបាលថ្មី នៃប្រទេសនោះ តែងទៅកាន់តំបន់សំខាន់ៗ ដែលត្រូវតែពង្រឹង ទំនាក់ទំនង ឬក៏ដើម្បីរក្សាផលប្រយោជន៍នៅក្នុងតំបន់នោះ។
ដោយឡែកខាងភាគីសហរដ្ឋអាមេរិកវិញ បើតាមក្រសួងការបរទេសអាមេរិក ក៏បានឱ្យដឹងថា លោកជំទាវ Wendy Ruth Sherman និងពាំនាំការប្តេជា្ញចិត្តរបស់សហរដ្ឋអាមេរិក ចំពោះភាពចាំបាច់ នៅអាស៊ាន និងដំណោះស្រាយបញ្ហាកម្រិតទ្វេភាគី និងតំបន់ផងដែរ។ អាមេរិកក៏នឹងជំរុញប្រទេស មីយ៉ាន់ម៉ាឲ្យបញ្ឈប់អំពើហិង្សា ដោះលែងអ្នកជាប់ឃុំ ដែលខ្លួនថា ជាអំពើអយុត្តិធម៌ និងស្តារ ប្រទេសមីយ៉ាន់។
សូមបញ្ជាក់ថា លោកជំទាវ Wendy Sherman អនុរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក អញ្ជើញ បំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល១ថ្ងៃ គឺនៅថ្ងៃទី០១ ខែមិថុនា ដោយកម្ពុជា ស្ថិតក្នុងប្រទេសបី ក្នុងចំណោមប្រទេស១០របស់អាស៊ាន ដែលត្រូវបានលោកជំទាវជ្រើសរើសយក ក្នុងដំណើរទស្សនកិច្ចរបស់ខ្លួន ១១ថ្ងៃ ទៅកាន់ប្រទេសចំនួន៥ ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដោយទស្សនកិច្ចដំបូង លោកជំទាវ បានទៅកាន់ប្រទេសប្រទេសបែលហ្ស៉ិក ហើយបន្តទៅតួកគី , ឥណ្ឌូនេស៊ី ,កម្ពុជា និងបន្តទៅប្រទេស ថៃ ផងដែរ៕ អត្ថបទ៖ មុត សុទ្ធ





