
សហរដ្ឋអាមេរិក កំពុងជំរុញដល់ប្រទេសស៊ែរប៊ី ឲ្យដកនូវអ្វីដែលខ្លួននិយាយថា ជាការបង្កើតមូលដ្ឋានយោធាដ៏ធំបំផុតនៅលើព្រំដែនរបស់ប្រទេសនេះជាមួយកូសូវ៉ូ។
ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ ភាពតានតឹងបាននិងកំពុងកើនឡើងរវាងជនជាតិភាគតិចជនជាតិស៊ែរប៊ីរបស់កូសូវ៉ូ និងសហគមន៍អាល់បានីភាគច្រើន។
ជាការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ចក្រភពអង់គ្លេសបាននិយាយថា ខ្លួនកំពុងបញ្ជូនកងទ័ពទៅចូលរួមជាមួយកងរក្សាសន្តិភាពណាតូនៅទីនោះ។
សម្ព័ន្ធយោធាបាននិយាយថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនកងកម្លាំងរបស់ខ្លួន បន្ទាប់ពីមានការប្រឈមដាក់គ្នានៅព្រះវិហារមួយនៅភាគខាងជើងកាលពីថ្ងៃអាទិត្យកន្លងទៅ ដែលមនុស្ស៤នាក់បានស្លាប់។
ថ្លែងកាលពីថ្ងៃសុក្រ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បានហៅ ការដាក់ពង្រាយយោធាដ៏ធំនៃរថក្រោះ និងកាំភ្លើងធំទំនើបៗថាជា ការវិវត្តន៍ដ៏អស្ថិរភាព។
លោក Kirby បាននិយាយថា បញ្ហានេះគួរឲ្យព្រួយបារម្ភណាស់។ មើលទៅមិនទំនងថាមានមនុស្សតែមួយក្រុម ដែលបានរួមគ្នាធ្វើរឿងនេះនោះទេ។យើងកំពុងអំពាវនាវឲ្យស៊ែរប៊ីដកកម្លាំងទាំងនោះចេញពីព្រំដែន។
លោក Kirby បាននិយាយថា ការបង្កើនកងទ័ពបានកើតឡើងកាលពីសប្តាហ៍មុន ប៉ុន្តែគោលបំណងចំពោះបញ្ហានេះ មិនទាន់ច្បាស់នៅឡើយទេ។
លោកបានបន្ថែមថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានទូរស័ព្ទទៅកាន់ប្រធានាធិបតីស៊ែរប៊ី លោក Aleksandar Vucic ដើម្បីជំរុញឱ្យបន្ធូរបន្ថយស្ថានការណ៍ជាបន្ទាន់ និងបកទៅរកកិច្ចសន្ទនាវិញ៕