
បាត់ដំបង៖ ខណៈរដូវវស្សាបានឈានមកដល់ និងល្បាយទឹកភ្លៀងនាដើមឆ្នាំនេះ បានធ្លាក់រាយប៉ាយល្អនោះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានជំរុញទៅប្រជាពលរដ្ឋ ត្រូវខិតខំបង្កបង្កើនការដាំដុះស្រូវ ដំណាំផ្សេងៗឲ្យបានទាន់ពេលវេលា និងត្រូវចេះតាមដានស្ថានភាពការប្រែប្រួលអាកាសធាតុ ពិសេសការព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងឱកាសយកអំណោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន១៥០គ្រួសារ នៅស្រុកសង្កែ នាថ្ងៃទី០១ ខែមិថុនាឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត មានប្រសាសន៍ថា បច្ចុប្បន្នវិស័យជាច្រើននៅលើពិភពលោកកំពុងមានការរីកចម្រើន ក្នុងនោះក៏មានវិស័យកសិកម្មមួយផងដែរ ដែលមានការភ្ជួររាស់ ការប្រើប្រាស់ថ្នាំ ការប្រើជី ការប្រមូលផល និងការដឹកជញ្ជូនជាដើម មានលក្ខណៈទំនើប និងាយស្រួលជាងមុន។
ឯកឧត្តមបន្តថា ស្របតាមការអភិវឌ្ឍជឿនលឿនទៅមុខរបស់ពិភពលោកកសិករគួរខិតខំរៀនបច្ចេកទេសការធ្វើកសិកម្ម ពិសេសការធ្វើដំណាំស្រូវ តាមរយៈការចេះជ្រើសរើសពូជឲ្យត្រូវតម្រូវការទីផ្សារ ការថែទាំជាដើម ដើម្បីទទួលបានទិន្នផលល្អ និងស្របតាមស្ដង់ដារ ហើយត្រូវចេះតាមដានការព្យាករណ៍របស់ក្រសួងធនធានទឹក ដើម្បីឲ្យការបង្កបង្កើនដំណាំស្រូវ ឲ្យបានទាន់ពេលវេលា។
ឯកឧត្ដម ក៏បានជំរុញកសិករទាំងអស់ ត្រូវចេះជ្រើសរើសពូជស្រូវឲ្យឆ្លើយតបនិងពេលវេលារដូវកាល ពិនិត្យលទ្ធភាពទឹកសម្រាប់ស្រោចស្រព ពិសេសប្រភពទឹក តើអាចបំពេញតាមតម្រូវការបានកម្រិតណា ចៀសវាងជួបបញ្ហាខ្វះខាតទឹកដាក់ស្រូវ ធ្វើឲ្យមានការខាតបង់ថវិកា និងពេលវេលា។
ឯកឧត្តម ក៏បានក្រើនរំលឹកដល់អាជ្ញាធរនៅក្នុងមូលដ្ឋានទាំងអស់ រួមទាំងប្រជាពលរដ្ឋត្រូវបន្តទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ តាមវិធានការនានា របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងសេចក្តីណែនាំផ្សេងៗរបស់រដ្ឋបាលខេត្តឲ្យខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់បំផុត៕អត្ថបទ៖ បាន សុខរិទ្ធ