ភ្នំពេញ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សេចក្តីអំពាវនាវ ស្ដីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។
ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវចិត្តទុកដាក់បង្កើនស្មារតីចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បើកបរយានយន្តតាមវិធានការនានារួមមាន ត្រូវបន្ថយល្បឿនបើកបរតាមច្បាប់កំណត់ និងតាមស្ថានភាពជាក់ស្តែង។ ចំពោះមូលហេតុចម្បង ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍គឺការបើកបរលឿនហួសល្បឿនកំណត់។ ត្រូវគោរពសិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វ មិនត្រូវវ៉ាជែងដោយប្រថុយប្រថាន ចំពោះរថយន្តដឹកអ្នកដំណើរ ឬរថយន្តដឹកទំនិញ សូមកុំផ្ទុកមនុស្ស ឬទំនិញលើសកំណត់ និងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះមុនពេលធ្វើចរាចរណ៍។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានរំលឹកថា មួកសុវត្ថិភាពមួយ អាចជួយការពារនូវការរងរបួសក្បាល ឬអាចការពារជីវិតបាន។ និងមិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន និងសូមចងចាំជានិច្ចនូវពាក្យស្លោក បើពិសាគ្រឿងស្រវឹង កុំបើកបរ ៕អត្ថបទ៖ រដ្ឋា

