
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ស្នើឱ្យសហរដ្ឋអាមេរិក ជាពិសេសប្រធានាធិបតី ចូ បៃដិន ពិនិត្យពិចារណាទៅលើបញ្ហាបំណុលដែលកម្ពុជាជំពាក់អាមេរិកតាមវិធីទ្វេភាគី។
ក្នុងឱកាសអនុញ្ញាតឱ្យលោកជំទាវ Wendy Sherman អនុរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក ចូលជួបសំដែងការគួរសម និង ពិភាក្សាការងារ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី១មិថុនានេះ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានបញ្ជាក់ប្រាប់ដល់ក្រុមអ្នកយកព័ត៌មានថា៖ នៅក្នុងជំនួបនេះសម្តេចតេជោ បានមានប្រសាសន៍ថា៖បញ្ហាបំណុលដែលកម្ពុជាជំពាក់អាមេរិក គឺសូមអនុញ្ញាតឱ្យកម្ពុជាអាចសង អាមេរិកបន្តិចម្តងៗឬបង្វែរការជំពាក់នេះមកជាជំនួយសម្រាប់ការអភិវឌ្ឍលើវិស័យផ្សេងៗដល់ប្រទេសកម្ពុជា។
សូមបញ្ជាក់ថា៖ លោកជំទាវ Wendy Sherman អនុរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក អញ្ជើញបំពេញ ទស្សនកិច្ចនៅកម្ពុជា រយៈពេល១ថ្ងៃ គឺនៅ ថ្ងៃទី០១ ខែមិថុនា ដោយកម្ពុជាស្ថិតក្នុងប្រទេសបី ក្នុងចំណោមប្រទេស១០របស់អាស៊ាន ដែលត្រូវបានលោកជំទាវជ្រើសរើសយកក្នុងដំណើរទស្សនកិច្ចរបស់ខ្លួន ១១ថ្ងៃ ទៅកាន់ប្រទេសចំនួន ៥ ចាប់ពីថ្ងៃទី ២៥ ខែឧសភា ដល់ ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២១ ដោយទស្សនកិច្ចដំបូង លោកជំទាវ បានទៅកាន់ប្រទេសប្រទេសបែលហ្ស៊ិក ហើយបន្តទៅ តួកគី , ឥណ្ឌូនេស៊ី ,កម្ពុជា និងបន្តទៅប្រទេស ថៃ ផងដែរ៕ អត្ថបទ៖ មុត សុទ្ធ




