យោងតាមការផ្តល់ព័ត៌មានសង្ខេបផ្លូវការរវាងប្រទេសទាំងពីរ បានឲ្យដឹងថា ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ថា កងទ័ពរបស់ខ្លួន បានកម្ទេចឃ្លាំងស្ដុកគ្រាប់រំសេវរបស់អ៊ុយក្រែន ខណៈដែលអ៊ុយក្រែន បានអះអាងថា ខ្លួនបានស្ទាក់ចាប់យានដ្រូនជាច្រើនគ្រឿង។

យោងតាមសេចក្ដីរាយការពីសមរភូមិដែលផ្សព្វផ្សាយដោយក្រសួងការពារជាតិតិរុស្ស៊ី បានឲ្យដឹងថា កងទ័ពរុស្ស៊ី បានវាយទប់ការវាយលុករបស់អ៊ុយក្រែន នៅគ្រប់មុខព្រួញ និងបានបំផ្លាញរថភ្លើងពិសេសមួយខ្សែដែលកំពុងដឹកគ្រឿងយោទ្ធោករណ៍ និងតំបន់ប្រមូលផ្ដុំនៃកងពលតូចចំនួនពីរ។
ក្រសួងការពារជាតិក៏ បាននិយាយផងដែរថា កងទ័ពរបស់ខ្លួនបានកម្ទេចឃ្លាំងស្ដុកគ្រាប់រំសេវចំនួន៣កន្លែង ក្នុងតំបន់ឃើសិន (Kherson) និងតំបន់ដូនេត និងកាំភ្លើងធំពីរគ្រឿងផលិតដោយបស្ចឹមប្រទេស នៅមុខព្រួញហ្សាប៉ូរីហ្សា។ ហើយប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ក៏បានស្ទាក់ចាប់មីស៊ីល BM-27 បាន៩គ្រាប់និង មីស៊ីលហ៊ីម៉ាស់ (HIMARS) បាន១គ្រាប់និងយានដ្រូន២៥គ្រឿងពីខាងភាគីអ៊ុយក្រែនផងដែរ។
នៅថ្ងៃជាមួយគ្នានេះដែរ នាយអគ្គសេនាធិការកងទ័ពអ៊ុយក្រែនឬ (AFU) បានអះអាងថា រយៈពេល២៤ម៉ោងកន្លងទៅនេះ ការប្រយុទ្ធជាច្រើន បានចាប់ផ្ដើមនៅតំបន់អាឌីអ៊ីវកា តំបន់ម៉ារីនកា និងហ្សាប៉ូរីហ្សា ដោយបាននិយាយថា កងទ័ពអ៊ុយក្រែន បានធ្វើការវាយប្រហារតាមអាកាសទៅលើចំណុចប្រមូលផ្ដុំដែលមានវត្ដមានបុគ្គលិកយោធារុស្ស៊ី ឧបករណ៍សឹក ហើយនិងប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់រុស្ស៊ី។
កងទ័ពអ៊ុយក្រែន បាននិយាយថា យានដ្រូនអត្ដឃាតរបស់រុស្ស៊ីចំនួន៤០គ្រឿងបានវាយប្រហារអ៊ុយក្រែន នៅក្នុងតំបន់ភាគខាងត្បូង ហើយកងទ័ពអ៊ុយក្រែន ក៏បានស្ទាក់ចាប់យានដ្រូនបាន៣០គ្រឿងដែរក្នុងចំណោមនោះ៕ អត្ថបទ មករា
