រថយន្តក្រុងទេសចរណ៍មួយគ្រឿងដឹកអ្នកដំណើរ ៦០នាក់ បានបាត់បង់លំនឹងនៅត្រង់ផ្លូវបត់ ហើយបានធ្លាក់ចូលទៅក្នុងជ្រលងភ្នំ ដោយបានសម្លាប់អ្នកដំណើរយ៉ាងហោចណាស់ ៩នាក់ និងជាច្រើននាក់ទៀតរងរបួស នៅទីក្រុង Nilgiris ភាគខាងត្បូងប្រទេសឥណ្ឌា កាលពីថ្ងៃសៅរ៍ (ទី៣០ ខែកញ្ញា) ។

មន្ត្រីប្រចាំតំបន់បាននិយាយថា រថយន្តក្រុងនេះកំពុងធ្វើដំណើរពីទីក្រុង Coonoor ទៅកាន់តំបន់ Tenkasi ក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ចំនួនអ្នកស្លាប់ ដែលបានធ្វើបច្ចុប្បន្នភាពឡើងដល់ ៩នាក់ហើយ។
នាយករដ្ឋមន្រ្តី លោក Narendra Modi បានសម្តែងការសោកសៅរបស់លោកនៅលើបណ្ដាញសង្គម និងបានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២.៤០៨ដុល្លារដល់ក្រុមគ្រួសារនៃសព។ មេដឹកនាំប្រចាំរដ្ឋ លោក M.K. Stalin ក៏បានប្រកាសផ្តល់សំណងដល់អ្នកទេសចរ ដែលស្លាប់ និងរបួស ក្នុងឧបទ្ទវហេតុនេះដែរ។
ប្រទេសឥណ្ឌាមានគ្រោះថ្នាក់នៅលើដងផ្លូវច្រើនជាងគេបំផុតក្នុងពិភពលោក ដោយសារតែមានអ្នកបើកបរជាច្រើនមិនទទួលបានការបណ្តុះបណ្តាល កង្វះការអនុវត្តច្បាប់ ការថែទាំផ្លូវហាយវេមិនបានគ្រប់គ្រាន់ និងរថយន្តមិនទទួលបានការត្រួតពិនិត្យតាមប្រព័ន្ធឧបករណ៍ទំនើប៕

