មូលដ្ឋានទិន្នន័យរបស់ស្ថាប័នផ្ដល់ការវិភាគដែនសមុទ្រ MarineTraffic នៅថ្ងៃអាទិត្យ (ទី១ ខែតុលា) នេះ បានបង្ហាញថា នាវាថ្មី ៥គ្រឿង កំពុងធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែសមុទ្រអ៊ុយក្រែន ដោយប្រើច្រករបៀងថ្មីមួយ ដែលត្រូវបានបើកឲ្យដំណើរការ ដើម្បីចាប់ផ្ដើមការនាំចេញផលិតផលកសិកម្មឡើងវិញ ដែលជាជម្រើសមួយផ្សេងទៀតជំនួសឲ្យកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលត្រូវបានរារាំងដោយប្រទេសរុស្ស៊ី។

មូលដ្ឋានទិន្នន័យនេះ បានកំណត់អត្តសញ្ញាណនាវាទាំង ៥គ្រឿង ដែលធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែដូចជា Olga, Ida, Forza Doria, New Legacy និង Danny Boy។
ជាមួយគ្នានេះ មូលដ្ឋានទិន្នន័យរបស់ MarineTraffic ក៏បានបង្ហាញឲ្យដឹង នៅថ្ងៃអាទិត្យនេះដែរថា នាវាដឹកទំនិញចំនួន ៣គ្រឿង បានចាកចេញពីកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន បន្ទាប់ពីបានផ្ទុកទំនិញហើយរួចរាល់ ដោយនេះជាការចាកចេញចុងក្រោយបង្អស់ ចាប់តាំងពីទីក្រុងគីវ បានបង្កើត «ច្រករបៀងមនុស្សធម៌» បណ្តោះអាសន្ន ក្រោយពីប្រទេសរុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀង ដែលអនុញ្ញាតឲ្យមានធ្វើដំណើរឆ្លងកាត់ដោយសុវត្ថិភាព សម្រាប់ការនាំចេញរបស់អ៊ុយក្រែន។
នាវាដឹកទំនិញចំនួន ៣គ្រឿង Azara, Ying Hao 01 និង Eneida គ្រោងនឹងផ្ទុកផលិតផលកសិកម្ម និងរ៉ែដែកចំនួន ១២៧.០០០តោន ដើម្បីដឹកទៅប្រទេសចិន អេហ្ស៊ីប និងអេស្ប៉ាញ៕
