ស្ថានទូតអាហ្វហ្គានីស្ថាន ប្រចាំនៅរដ្ឋធានីញូវដេលីរបស់ប្រទេសឥណ្ឌា បានសម្រេចបញ្ឈប់ប្រតិបត្តិការរបស់ខ្លួន ចាប់ពីថ្ងៃអាទិត្យ (ទី១ ខែតុលា) នេះ ដោយលើកឡើងពីកង្វះខាតការគាំទ្រពីឥណ្ឌា ក៏ដូចជាការកាត់បន្ថយបុគ្គលិកនិងធនធាននានា។ នេះបើតាមសេចក្ដីប្រកាសរបស់ស្ថានទូត នៅលើវេទិកាបណ្ដាញសង្គម X។

ជាមួយគ្នានេះ ស្ថានទូតបានឲ្យដឹងថា ការមិនបានបំពេញតាមការរំពឹងទុក ក្នុងការបម្រើផលប្រយោជន៍របស់អាហ្វហ្គានីស្ថាន ក៏ជាកត្តាសំខាន់មួយទៀត ក្នុងការបិទស្ថានទូតនេះដែរ។
សូមបញ្ជាក់ថា ប្រទេសឥណ្ឌាមិនទទួលស្គាល់រដ្ឋាភិបាលតាលីបង់នោះទេ ហើយបានដកស្ថានទូតរបស់ខ្លួន នៅទីក្រុងកាប៊ុល បន្ទាប់ពីពួកតាលីបង់បានចូលមកកាន់អំណាច ក្នុងឆ្នាំ២០២១ ប៉ុន្តែក្រុងញូវដេលីបានអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូត និងបុគ្គលិកបេសកកម្ម ដែលតែងតាំងដោយរដ្ឋាភិបាលគាំទ្រដោយលោកខាងលិចរបស់ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani ដែលត្រូវបានទម្លាក់ចេញពីអំណាច បំពេញកិច្ចនានា ដូចជាចេញទិដ្ឋាការ និងដោះស្រាយបញ្ហាពាណិជ្ជកម្មជាដើម៕
