ឥណ្ឌា៖ ក្រុមស្ត្រី និងគ្រូបង្រៀននៅក្នុងរដ្ឋម៉ានីពួរ ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ (១ តុលា) បានរៀបចំការតវ៉ាដោយសាមគ្គីភាព ជុំវិញករណីនិស្សិតពីរនាក់ដែលត្រូវបានសម្លាប់។
អំពើហឹង្សាបានផ្ទុះឡើងនៅក្នុងរដ្ឋភាគឦសានជាប់ព្រំដែនមីយ៉ាន់ម៉ាមួយនេះ បន្ទាប់ពីរូបភាពនៃសាកសពនិស្សិតជនជាតិភាគតិច ម៉ីតី ពីរនាក់ ដែលបានបាត់ខ្លួនតាំងពីខែកក្កដា បានលេចចេញនៅលើអ៊ីនធឺណិត។
ក្រុមស្ត្រីជាច្រើននាក់ បានរៀបចំការតវ៉ាទ្រង់ទ្រាយធំ ដើម្បីទាមទារយុត្តិធម៌ដល់ជនរងគ្រោះ និងចាត់វិធានការតឹងរ៉ឹងលើជនជាប់ចោទ។
ទន្ទឹមនឹងនោះ លោកគ្រូអ្នកគ្រូនៅរដ្ឋធានីនៃរដ្ឋម៉ានីពួរនេះ បានអុជទៀនដើម្បីចូលរួមរំលែកទុក្ខដល់សិស្សដែលបានស្លាប់។ ចាប់តាំងពីអំពើហឹង្សាបានផ្ទុះឡើងជាលើកដំបូងនៅថ្ងៃទី៣ ខែឧសភា មក មនុស្សជាង១៨០នាក់ត្រូវបានសម្លាប់ និងមនុស្សជាង៥ម៉ឺននាក់ បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេនៅក្នុងរដ្ឋម៉ានីពួរ របស់ប្រទេសឥណ្ឌាមួយនេះ៕

