
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើទៅអាមេរិកបង្វែរបំណុលដែលកម្ពុជាជំពាក់អាមេរិកជំនាន់ លន់ នល់ ឱ្យទៅជាជំនួយមនុស្សជួយដល់វិស័យ ៣សំខាន់ៗរបស់កម្ពុជា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីការលើកឡើងនូវដំណោះស្រាយបំណុលចាស់បែបនេះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច បន្ទាប់ពីជំនួបរបស់សម្ដេចជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក អ្នកស្រី Wendy R. Sherman នៅឯវិមានសន្តិភាពនៅរសៀលថ្ងៃនេះ។
នៅលើទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានស្នើទៅប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ឱ្យពិចារណាដោះស្រាយបំណុលដែលកម្ពុជាជំពាក់អាមេរិកតាមវិធី៣។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាស្នើទៅអាមេរិកឱ្យអនុញ្ញាតឱ្យកម្ពុជាសងបំណុលនេះឡើងវិញបន្តិចៗ ហើយកម្ពុជាក៏ស្នើសងបំណុលនេះជាមួយការប្រាក់មិនលើសពី ១ភាគរយ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា កម្ពុជាស្នើទៅអាមេរិកឱ្យបង្វែរបំណុលនេះខ្ទង់ ៧០ភាគរយ មកជាជំនួយសម្រាប់ជួយដល់វិស័យអប់រំ វិស័យវប្បធម៌ និងសកម្មភាពដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
កម្ពុជាបានជំពាក់បំណុលអាមេរិកតាំងពីរបបសាធារណរដ្ឋខ្មែរដែលដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ ដែលបំណុលនោះ ត្រូវបានកម្ពុជាចាត់ទុកជា«បំណុលកខ្វក់» ដែលត្រូវបានប្រើសម្រាប់ការធ្វើសង្គ្រាមនៅកម្ពុជា៕


