ភ្នំពេញ៖ ព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តដល់រាជរដ្ឋាភិបាលថ្មី ត្រូវបង្កើនសកម្មភាពដោះស្រាយបញ្ហា ដែលនៅសេសសល់ ដើម្បីពន្លឿនសន្ទុះរីកចម្រើនសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន ហើយក៏ជឿជាក់ផងដែរ ចំពោះរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងបន្តអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើន ។
បន្ទាប់ពីបើកសម័យប្រជុំលើកទី១១ នីតិកាលទី៤ ដើម្បីស្ដាប់របាយការណ៍របស់គណៈកម្មាធិការ អចិន្ត្រៃយ៍ស្តីពី សកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី១០ និងលើកទី១១ ក្រោមអធិបតីភាពសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាជាតិ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា បានមានប្រសាសន៍ថា តាមដំណើរបេសកកម្មទៅកាន់មូលដ្ឋាន ព្រឹទ្ធសភាសូមវាយតម្លៃខ្ពស់ ចំពោះលទ្ធផល និងសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច លើគ្រប់វិស័យ ដែលរាជរដ្ឋាភិបាលខិតខំសម្រេចបាន ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសេដ្ឋកិច្ចជាតិបន្តមានកំណើនវិជ្ជមាន ដើម្បីពង្រឹងគោលនយោបាយគាំពារសង្គម ដោយធានាបាននូវជីភាពរស់នៅរបស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការទូទាំងប្រទេស ។
ឯកឧត្តមបន្តថា ជារួមរាជរដ្ឋាភិបាលបានបន្តជំរុញអនុវត្តន៍ដោយសកម្ម នូវរាល់កំណែទម្រង់រដ្ឋស៊ីជម្រៅរបស់ខ្លួន លើគ្រប់វិស័យដោយប្រកាន់យកអភិបាលកិច្ចល្អជាស្នូល ហើយដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបានពង្រឹងពង្រីកឥតឈប់ឈរ និងកំពុងបន្តទៅមុខដោយរលូនតាមគន្លងនីតិរដ្ឋ ដោយឆ្លុះបញ្ចាំងតាមរយៈការបោះឆ្នោតអាណត្តិទី៧កន្លងទៅ ។
ជាមួយនេះ ព្រឹទ្ធសភាជាតិ បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រដ៏ថ្លៃថ្លាពីគ្រប់មជ្ឈដ្ឋានដៃគូនានា និងគ្រប់ស្ថាប័នជាតិ ដែលញ៉ាំងឲ្យព្រឹទ្ធសភាដំណើរការទៅមុខដោយរលូន ៕ អត្ថបទ បាន សុខរិទ្ធិ




