ប្រធានាធិបតីនីហ្ស៊េរីយ៉ា លោក Bola Tinubu កាលពីថ្ងៃអាទិត្យ (១ តុលា) បានប្រកាសការដំឡើងប្រាក់ឈ្នួលបណ្តោះអាសន្ន សម្រាប់កម្មករដែលមានប្រាក់ចំណូលទាប និងផ្ដល់រថយន្តក្រុងធំៗដែលដំណើរការដោយហ្គាស ដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃការដកប្រាក់ឧបត្ថម្ភប្រេងសាំង ត្រឹមតែរយៈពេលពីរថ្ងៃ មុនពេលសហជីពកម្មករចាប់ផ្តើមធ្វើកូដកម្មមិនកំណត់រយៈពេល។

លោក Tinubu បានលុបចោលប្រាក់ឧបត្ថម្ភ ដែលមានអាយុកាលរាប់ទសវត្សរ៍ ក្នុងអំឡុងពេលសម្ពោធរដ្ឋាភិបាលរបស់លោកកាលពីខែឧសភា ហើយបានបញ្ចប់ការរឹតបន្តឹងលើការប្តូរប្រាក់បរទេស ដែលបាននាំឱ្យមានការកើនឡើងតម្លៃនៃការចំណាយប្រចាំថ្ងៃ និងបណ្ដាលឲ្យសហជីពដែលមានកំហឹងជាមួយរដ្ឋភិបាលរបស់លោកយ៉ាងខ្លាំង។
លោក Tinubu បាននិយាយថា បន្ទាប់ពីកិច្ចពិភាក្សាជាមួយកម្មករ អាជីវកម្ម និងអ្នកពាក់ព័ន្ធផ្សេងទៀត បុគ្គលិករដ្ឋាភិបាលសហព័ន្ធនឹងទទួលបានប្រាក់ឈ្នួលបន្ថែមចំនួន២៥.០០០ណៃរ៉ា (រូបិយប័ណ្ណនីហ្ស៊េរីយ៉ា) ក្នុងមួយខែសម្រាប់រយៈពេលប្រាំមួយខែខាងមុខ ដែលជាការដំឡើងតូចមួយ ដោយលោកបាននិយាយថា គឺជាការចាំបាច់ដើម្បីជៀសវាងការជំរុញតួលេខអតិផរណាចំនួនដល់ទៅពីរខ្ទង់នៅក្នុងប្រទេសនេះ។
នោះមានន័យថា ប្រាក់ឈ្នួលអប្បបរមានៅក្នុងប្រទេសនីហ្ស៊េរីយ៉ា កើនឡើងរហូតដល់៥៥.០០០ណៃរ៉ា ដែលស្មើនឹង៧១ដុល្លារ ពីតួលេខប្រាក់ឈ្នួលកាលពីមុន ដែលមានត្រឹមតែ៣០០០០ណៃរ៉ាប៉ុណ្ណោះ។ ប៉ុន្តែសហជីពកម្មករចង់ឲ្យលោកប្រធានាធិបតី Tinubu ផ្តល់ប្រាក់ឧបត្ថម្ភថ្លៃប្រេងឡើងវិញ ហើយពួកគេក៏ធ្លាប់បានទាមទារប្រាក់ឈ្នួលអប្បបរមាចំនួន២០ម៉ឺនណៃរ៉ា ផងដែរ៕
