អ្នកគាំទ្រនៃក្រុមចម្រុះប្រឆាំងប៉ូឡូញ បានប្រមូលផ្តុំនៅតាមដងផ្លូវនានានៃរដ្ឋធានីវ៉ាសូវី កាលពីថ្ងៃអាទិត្យដើម្បីចូលរួម «ការដើរដង្ហែនៃបេះដូងចំនួនមួយលាន» ជាមួយនឹងការបោះឆ្នោតរបស់ប្រទេសនេះ នៅ ពីរសប្តាហ៍ទៀត។

អង្គការព័ត៌មានអាល្លឺម៉ង់ Deutsche Presse-Agentur រាយការណ៍ថា មនុស្សជិត មួយលាននាក់ បានចូលរួមក្នុងបាតុកម្មដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី ដូណាល់ ថាស(Donald Tusk)។ ការធ្វើបាតុកម្មនេះ ធ្វើឡើង ដើម្បីប្រឆាំងនឹងគណបក្សច្បាប់ និងយុត្តិធម៌ ដែលកំពុងគ្រប់គ្រងអំណាច។
លោកថាស បានហៅចលនាប្រឆាំងនេះថាជា«កម្លាំងដែលមិនអាចបញ្ឈប់បាន» និងជា «សញ្ញាសម្រាប់ការចាប់កំណើតឡើងវិញរបស់ប្រទេសប៉ូឡូញ» នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានប៉ូឡូញ។
លោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់គណបក្សរបស់លោក គឺ ផ្លេត ហ្វ័រម៉ា អូប៊ីវ៉ាតែលស្កា (Plat forma Obywatelska)ថា អ្វីដែលមិនអាចទៅរួច អាចទៅរួច។ នៅពេលដែលខ្ញុំឃើញមានអ្នកគាំទ្រដ៏ច្រើន នៅពេលដែលខ្ញុំឃើញទឹកមុខញញឹមរបស់ពួកគេទាំងអស់គ្នានេះ ខ្ញុំមានអារម្មណ៍ល្អ ដែលពេលវេលាដ៏សំខាន់នេះ កំពុងក្លាយជាប្រវត្តិសាស្ត្រនៃមាតុភូមិរបស់យើង»។

