ប្រធានសភាអឺរ៉ុប បាននិយាយកាលពីថ្ងៃអាទិត្យថា លោកស្រី បានបង្ហាញពីការគាំទ្ររបស់ស្ថាប័ននីតិប្បញ្ញត្តិសម្រាប់ការតែងតាំងបេសកជនរបស់អង្គការសហប្រជាជាតិ ដើម្បីវាយតម្លៃឱកាសនៃការបន្តឡើងនូវកិច្ចចរចា ដែលជាប់គាំង ដើម្បីបង្រួបបង្រួមប្រទេសកោះស៊ីបដែលបែកបាក់ជាក្រុមកុលសម្ព័ន្ធ។

លោកស្រី រ៉ូប៊ឺតា ម៉េតសូឡា (Roberta Metsola) បានថ្លែងថា លោកស្រី បានទាក់ទងដោយផ្ទាល់នូវជំហររបស់សភាសហភាពអឺរ៉ុបទៅកាន់លោកអគ្គលេខាធិការUN អង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) នៅទីក្រុងញូវយ៉កកាលពីខែមុន។ លោកស្រីម៉េតសូឡា បាននិយាយថា លោកស្រី បានប្រាប់ ហ្គុយតឺរេស ថាអឺរ៉ុប នឹងមិនអស់ចិត្តទេ ដរាបណាប្រទេសកោះស៊ីបនេះ នៅតែបែកបាក់គ្នានោះ។
លោកស្រី បាននិយាយបន្ទាប់ពីកិច្ចពិភាក្សាជាមួយលោក Nikos Christodoulides ប្រធានាធិបតីនៃប្រទេសកោះនេះថា៖«នេះមិនមែនគ្រាន់តែជាបញ្ហារបស់កោះស៊ីបទេប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាបញ្ហារបស់អឺរ៉ុប»។
លោកស្រី ម៉េតសូឡា ក៏បានចូលរួមក្នុងការដង្ហែក្បួនយោធាកាលពីថ្ងៃអាទិត្យ ដើម្បីប្រារព្ធខួបលើកទី ៦៣ នៃការឯករាជ្យរបស់ប្រទេសកោះស៊ីបពីអាណានិគមរបស់អង់គ្លេសដែរ។
លោក Christodoulides បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថា ការពិគ្រោះយោបល់នៅតែបន្តលើការតែងតាំងបេសកជនអង្គការសហប្រជាជាតិ។ លោកបានធ្វើការបន្តកិច្ចចរចាបង្រួបបង្រួមជាមួយក្រុមជនជាតិដើមទួរគី ដែលបំបែកខ្លួន ជាចំណុចសំខាន់បំផុតនៃរដ្ឋបាលក្រិកជនជាតិដើមស៊ីបរបស់លោក។
កិច្ចចរចាបានជាប់គាំងដ៏ជ្រៅ ចាប់តាំងពីការកិច្ចប្រឹងប្រែងចុងក្រោយក្នុងកិច្ចព្រមព្រៀងសន្តិភាព បានបញ្ចប់ក្នុងរដូវក្ដៅឆ្នាំ២០១៧។
