
ហ្សឺណែវ៖ វ៉ាក់សាំងចិនស៊ីណូវ៉ាក់ ត្រូវបានអង្គការសុខភាពពិភពលោកអនុម័តដាក់បញ្ចូលទៅក្នុង«បញ្ជីវ៉ាក់សាំងសម្រាប់ការប្រើប្រាស់បន្ទាន់» ឬហៅថា បញ្ជី EUL នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការសុខភាពពិភពលោកនៅថ្ងៃនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននោះ អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO បានបញ្ជាក់ថា វ៉ាក់សាំងស៊ីណូវ៉ាក់ផលិតឡើងដោយប្រទេសចិន ស្របទៅនឹងស្តង់ដារអន្តរជាតិសម្រាប់សុវត្ថិភាព ប្រសិទ្ធភាព និងការផលិតផងដែរ។
វ៉ាក់សាំងស៊ីណូវ៉ាក់ ត្រូវបានផលិតឡើងដោយក្រុមហ៊ុនឱសថសាស្ត្រ ស៊ីណូវ៉ាក់ (Sinovac) ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ប្រទេសចិន។
ក្រៅពីវ៉ាក់សាំងស៊ីណូវ៉ាក់ អង្គការសុខភាពពិភពលោក ក៏បានអនុម័តឱ្យប្រើរួចហើយនូវវ៉ាក់សាំងចិនមួយប្រភេទទៀត គឺវ៉ាក់សាំងស៊ីណូហ្វាមដែលផលិតឡើងដោយវិទ្យាស្ថានផលិតផលជីវសាស្ត្រទីក្រុងប៉េកាំង៕