
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់លើទំព័រហ្វេសប៊ុករបស់សម្ដេចថា មន្ត្រីជាន់ខ្ពស់អាមេរិកបានបង្ហាញនូវការពេញចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ បន្ទាប់ពីជំនួបរវាងសម្ដេច និងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក អ្នកស្រី Wendy R. Sherman នៅឯវិមានសន្តិភាពនៅរសៀលថ្ងៃនេះ។
សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងទៀតថា អនុរដ្ឋមន្ត្រីអាមេរិករូបនេះ ពេញចិត្តទៅនឹងការគាំទ្ររបស់កម្ពុជាចំពោះកិច្ចការស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួននៅក្នុងប្រទេសកម្ពុជា។
ជាងនេះទៅទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា អ្នកស្រី Wendy R. Sherman ពេញចិត្តនឹងទឹកចិត្តមនុស្សធម៌របស់កម្ពុជា បន្ទាប់ពីកម្ពុជាបានអនុញ្ញាតឱ្យនាវាទេសចរណ៍អន្តរជាតិ MS Westerdam បានចូលចតនៅកំពង់ផែរបស់កម្ពុជាកាលពីឆ្នាំមុន។
នាវាទេសចរណ៍អន្តរជាតិ MS Westerdam ដែលផ្ទុកទៅដោយមនុស្សរហូតដល់ ២ ២៥៧នាក់រួមទាំងបុគ្គលិក និងនាវិកផងនោះ ត្រូវបានប្រទេស និងដែនដីនានា មិនទទួលឱ្យចូលចតនោះឡើយកាលពីខែកុម្ភៈឆ្នាំមុន ដោយសារតែក្ដីបារម្ភអំពីករណីឆ្លងមេរោគកូវីដ-១៩នៅលើនាវានោះ។
ប៉ុន្តែ នាវាទេសចរណ៍អន្តរជាតិមួយគ្រឿងនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យចូលចតនៅកំពង់ផែព្រះសីហនុកាលពីថ្ងៃទី១៣ ខែកុម្ភៈ ហើយមួយថ្ងៃបន្ទាប់ចំទិវានៃក្ដីស្រឡាញ់នោះ សម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាជាច្រើនរូប បានទៅទទួលស្វាគមន៍អ្នកដំណើរអន្តរជាតិដែលធ្វើដំណើរចុះពីនាវាទេសចរណ៍មួយគ្រឿងនោះ៕


