ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
ដើម្បីចូលរួមក្នុងការកសាងមូលធនមនុស្សឌីជីថល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបង្កើតកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ដែលជាការគាំទ្រដល់ដំណើរការអភិវឌ្ឍន៍មូលធនមនុស្សឌីជីថល តាមរយៈការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ ការប្រឹក្សាយោបល់ដល់និស្សិត ការសម្របសម្រួល ការស្នាក់នៅរបស់និស្សិត ការសហការជាមួយគ្រឹះស្ថានសិក្សា និងស្ថាប័នពាក់ព័ន្ធ និងការអភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់បម្រើដល់ការអប់រំ។
កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលនេះបានប្រកាសដាក់ដំណើរការជាផ្លូវការ ជាមួយគ្នា និងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងការជំរុញការអភិវឌ្ឍជំនាញឌីជីថល នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សាដៃគូចំនួន៦ នៅទីស្តីការក្រសួង។
សូមជម្រាបជូនថា កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល មានដៃគូពីគ្រឹះស្ថានឧត្តមសិក្សាធំៗចំនួន៦សម្រាប់និស្សិតជ្រើសរើសសិក្សា ដូចជា បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ និងសាកលវិទ្យាល័យផារ៉ាហ្គន ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា