ប្រេស៊ីល ៖ សត្វផ្សោតជាងមួយរយក្បាល ត្រូវបានគេរកឃើញថាបានងាប់ នៅក្នុងទន្លេអាម៉ាហ្សូនរបស់ប្រទេសប្រេស៊ីល ស្របពេលមានគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រ និងសីតុណ្ហភាពទឹកឡើងខ្ពស់កម្រិតបំបែកកំណត់ត្រា ដែលមានកម្រិតលើសពី៣៩អង្សាសេ។
យោងតាមវិទ្យាស្ថានអាកាសធាតុ ម៉ាមីរ៉ាអ៊ូយ៉ា (Mamirauá) ជាទីស្រាវជ្រាវដែលផ្តល់មូលនិធិដោយក្រសួងវិទ្យាសាស្ត្រប្រេស៊ីលបានឱ្យដឹងថា សត្វផ្សោតងាប់ទាំងអស់ត្រូវបានរកឃើញនៅក្នុងបឹងតេហ្វេ (Tefé) ក្នុងរយៈពេលប្រាំពីរថ្ងៃកន្លងមកនេះ។
វិទ្យាស្ថាននោះបាននិយាយថា ចំនួនស្លាប់ដ៏ច្រើនបែបនេះ គឺជារឿងមិនធម្មតានោះទេ ហើយបានស្នើឡើងថា សីតុណ្ហភាពបឹងដ៏ខ្ពស់កម្រិតបំបែកកំណត់ត្រា និងគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រនៅទន្លេអាម៉ាហ្សូន អាចជាមូលហេតុពីក្រោយគ្រោះធម្មជាតិនោះ។
ដំណឹងនេះ ទំនងជានឹងបន្ថែមការព្រួយបារម្ភបន្ថែមទៀតសម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រអាកាសធាតុ អំពីផលប៉ះពាល់នៃសកម្មភាពរបស់មនុស្ស និងគ្រោះរាំងស្ងួតខ្លាំងនៅក្នុងតំបន់នេះ។
ទន្លេអាម៉ាហ្សូន ដែលជាផ្លូវទឹកដ៏ធំបំផុតរបស់ពិភពលោក បច្ចុប្បន្នកំពុងស្ថិតក្នុងរដូវប្រាំង ហើយសត្វព្រៃនៅតាមដងទន្លេមួយចំនួន ក៏កំពុងទទួលរងនូវផលប៉ះពាល់ពីសីតុណ្ហភាពដ៏ខ្ពស់បំផុតមិនធ្លាប់មាននេះផងដែរ៕

