រុស្ស៊ី ៖ អតីតប្រធានាធិបតីរុស្ស៊ី លោក ឌ្មីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) បាននិយាយកាលពីថ្ងៃអាទិត្យថា ទាហានអង់គ្លេសណា ដែលបណ្តុះបណ្តាលទាហានអ៊ុយក្រែន នៅអ៊ុយក្រែន នឹងក្លាយជាគោលដៅស្របច្បាប់សម្រាប់កងកម្លាំងរុស្ស៊ី ដូចរោងចក្រអាល្លឺម៉ង់ដែលផលិតមីស៊ីលTaurusដែរ ប្រសិនបើពួកគេផ្គត់ផ្គង់អាវុធដល់ទីក្រុងគីវនោះ។
លោកម៉េដវ៉េដេវ ដែលជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី និងបានក្លាយជាឥស្សរជន ដែលកាន់តែចូលចិត្តសង្គ្រាម និងប្រឆាំងលោកខាងលិចក្នុងនយោបាយរុស្ស៊ី បាននិយាយថា សកម្មភាពបែបនេះរបស់លោកខាងលិច កំពុងនាំសង្រ្គាមលោកលើកទីបី កាន់តែខិតជិតមកដល់ហើយ។
នៅក្នុងការបង្ហោះនៅលើ Telegram លោកបានបង្ហាញពីការខឹងសម្បារបស់ខ្លួនជាលើកដំបូងចំពោះរដ្ឋ មន្ត្រីការពារជាតិអង់គ្លេស ដែលទើបតែងតាំងលោក ហ្គ្រែនធ៍ សាប (Grant Shapps) ដែលបាននិយាយនៅក្នុងបទសម្ភាសន៍ក្នុងកាសែតមួយថា ទីក្រុងឡុងដ៍ ចង់ដាក់ពង្រាយគ្រូយោធាទៅកាន់អ៊ុយក្រែន បន្ថែមពីលើការបណ្តុះបណ្តាលកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នៅចក្រភពអង់គ្លេស ឬបណ្តាប្រទេសលោកខាងលិចផ្សេងទៀត នៅពេលបច្ចុប្បន្ន។
លោកម៉េដវ៉េដេវ បានសរសេរនៅលើ Telegram ថា៖«(ការធ្វើបែបនេះនឹង) បង្វែរគ្រូបង្រៀនរបស់ពួកគេ ទៅជាគោលដៅផ្លូវច្បាប់សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើង...យល់យ៉ាងច្បាស់ថា ពួកគេនឹងត្រូវបំផ្លាញយ៉ាងព្រៃផ្សៃ ហើយមិនមែនត្រឹមតែទាហានស៊ីឈ្នួលប៉ុណ្តោះ គឺរួមទាំងអ្នកជំនាញរបស់អង់គ្លេសនៅអង្គការណាតូផងដែរ។

