កីឡាករស្នូកឃ័រជើងចាស់ Mark Williams បានក្លាយជាជើងឯកនៃការប្រកួតពានរង្វាន់ British Open ក្រោយយកឈ្នះកីឡាករអង់គ្លេស Mark Selby នៅវគ្គផ្តាច់ព្រ័ត្រ ១០-៧ ហ្វ្រេម។
កីឡាករវែលវ័យ ៤៨ ឆ្នាំ Mark Williams បាននាំមុខការប្រកួតដាច់នៅដំណាក់កាលដំបូង មុនពេលដែល Mark Selby វាយបកពីក្រោយកាត់បន្ថយការនាំមុខមកត្រឹម ៨-៧ ហ្វ្រេម។

តែ Mark Williams អាចរក្សាស្ថានការបានដោយយកឈ្នះ ២ ហ្វ្រេមបន្ទាប់ ដើម្បីគ្រងជើងឯក British Open លើកទី ៣ ក្នុងអាជីព និងជាពានលំដាប់ Ranking លើកទី ២៥ ផងដែរ។
Mark Williams គ្រងជើងឯកនៅពេលនេះ ក៏បានក្លាយជាកីឡាករវ័យចំណាស់ទី ២ ដែលគ្រងជើងឯកពានស្នូកឃ័រលំដាប់ Ranking ក្នុងវ័យ ៤៨ ឆ្នាំ បន្ទាប់ពីអ្នកឈ្នះវ័យចំណាស់បំផុតគឺ Ray Reardon នៅពេលឈ្នះជើងឯកក្នុងវ័យ ៥០ ឆ្នាំកាលពីឆ្នាំ ១៩៨២៕ អត្ថបទ៖នាង សុភាវុធ

