ក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង បានរក្សាកំណត់ត្រាឈ្នះ ៧ប្រកួតជាប់គ្នា គិតត្រឹមសប្ដាហ៍ទី៧ នៃលីគកំពូលកម្ពុជា មុនលីគសម្រាកការប្រកួត កំឡុង FIFA Day ប្រចាំខែតុលា ស្របពេលខ្សែប្រយុទ្ធរបស់ខ្លួន Marcus Haber ក៏បានបន្ដកំណត់ត្រារកបានគ្រាប់បាល់គ្រប់ការប្រកួត សម្រាប់រដូវកាលឆ្នាំ២០២៣/២០២៤ នេះផងដែរ ។

ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀង បានបន្ដយកឈ្នះក្រុមចំណូលថ្មីព្រៃវែងអេហ្វស៊ី ៥-៣ ក្នុងជំនួបជើងទី១ នៃលីគកំពូលកម្ពុជា សប្ដាហ៍ទី៧ កាលពីចុងសប្ដាហ៍កន្លងទៅ ។ ការប្រកួតនៅកីឡដ្ឋានខេត្តព្រៃវែងនេះ ព្រះខ័នរាជស្វាយរៀង រកបាន ៥គ្រាប់មុន ក្នុងនោះធ្វើសម្រេចដោយខ្សែប្រយុទ្ធសញ្ជាតិកាណាដា ៣គ្រាប់ម្នាក់ឯង នៅនាទី២៤, ៤៣ និងនាទី៧៥ និង ២គ្រាប់រកបានដោយកីឡាករឡាវ Bounkong Bounphachan នៅនាទី៥១ និង៦៣ មុនក្រុមម្ចាស់ផ្ទះព្រៃវែង វាយបកបាន ៣គ្រាប់វិញ នៅចុងម៉ោង។

ជ័យជម្នះនេះ បានធ្វើឲ្យក្រុមព្រះខ័នរាជស្វាយរៀង រកបាន ២១ពិន្ទុពេញ អមជាមួយកំណត់ត្រាឈ្នះ ៧ប្រកួតជាប់ៗគ្នាលើកដំបូងក្នុងលីគ ។ មិនតែប៉ុណ្ណោះ ខ្សែប្រយុទ្ធកម្ពស់បាន Marcus Haber ក៏បានបង្កើតកំណត់ត្រាថ្មី ដោយរកបានគ្រាប់បាល់ ៧ប្រកួតជាប់គ្នា ដើម្បីរួមចំណែកជួយក្រុមយកឈ្នះគូប្រជែងជាបន្ដបន្ទាប់ ក្នុងលីករដូវកាលថ្មីនេះផងដែរ ។

ដោយឡែកលទ្ធផលការប្រកួតសប្ដាហ៍ទី៧ ចំនួន ៤គូផ្សេងទៀត រួមមានក្រុមការពារដំណែងជើងឯកភ្នំពេញក្រោន យកឈ្នះក្រុមអង្គរថាយហ្គឺរ ៣-០, ក្រុមបឹងកេត យកឈ្នះក្រុមណាហ្គាវើលដ៏ ៣-១, វិសាខា យកឈ្នះក្រុមកងយោធពលខេមរភូមិន្ទ ២-០ និងក្រុម ISI ដង្កោសែនជ័យ យកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ១-០ ។

ជាមួយលទ្ធផលនេះ នាំឲ្យក្រុមភ្នំពេញក្រោន បន្ដចាញ់ប្រៀបក្រុមកំពូលតារាង ៣ពិន្ទុ ដោយពួកគេរកបាន ១៨ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៧ប្រកួតដូចគ្នាឈ្នះ ៦ និងចាញ់ ១ គឺចាញ់ក្រុមព្រះខ័នរាជស្វាយរៀង គ្រាដែលក្រុមបឹងកេត បន្ដឈរលេខ៣ មាន ១៣ពិន្ទុ នាំមុខក្រុមវិសាខា ១ពិន្ទុ ដែលរំកិលមកឈរលេខ៤ ។ ឯក្រុមកងយោធពលខេមរភូមិន្ទ និងព្រៃវែង ឈរលេខ៥ និងលេខ៦ រក្សា ១០ពិន្ទុក្នុងដៃ ស្របពេលក្រុម ISI ឡើងមកឈរលេខ៧ មាន ៧ពិន្ទុ ។

ចំណែកក្រុមណាហ្គាវើលដ៍បានធ្លាក់មកឈរលេខ៨ មាន ៥ពិន្ទុ នាំមុខក្រុមអង្គរថាយហ្គឺរ ឈរលេខ៩ មាន ៣ពិន្ទុ និងគិរីវង់សុខសែនជ័យ ឈរបាតតារាងមាន ២ពិន្ទុ ។

គួរដឹងថា បន្ទាប់ពីដំណើរការប្រកួតបាន ៧សប្ដាហ៍ លីគកំពូលកម្ពុជា នឹងត្រូវសម្រាកការប្រកួត ២សប្ដាហ៍ កំឡុងថ្ងៃសម្រាក FIFA Day មុនត្រឡប់មកវិញ នាថ្ងៃទី២១-២២ ខែតុលា ដែលត្រូវបន្ដការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី៨ និងបន្ដការប្រកួតសប្ដាហ៍ទី៩ ដែលជាសប្ដាហ៍ចុងក្រោយ សម្រាប់ជើងទី១ នៃលីគកំពូលកម្ពុជា នាថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខ៕ អត្ថបទ លី ឈុនឡា

