
អគ្គិភ័យដ៏សន្ធោសន្ធៅមួយ បានឆាបឆេះអគារអគ្គនាយកដ្ឋាននគរបាលក្រុង Suez Canal ខេត្ត Ismailiaស្ថិតនៅតំបន់ភាគឦសានប្រទេសអេហ្ស៊ីប នៅព្រឹកថ្ងៃចន្ទនេះ ។
រូបភាពវីដេអូឃ្លីបឃើញអគារអគ្គនាយកដ្ឋាននគរបាលក្រុង Suez Canal ហ៊ុព័ទ្ធដោយអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ។
សេវាកម្មជួយសង្រ្គោះ និងសារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា មនុស្សយ៉ាងហោច ៣៨នាក់ បានរងរបួស មុនពេលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ទប់ស្កាត់អណ្តាតភ្លើងបាន ក្រោយព្យាយាមពន្លត់ភ្លើងអស់រយៈពេលជាច្រើនម៉ោង ។
ដោយឡែក មូលហេតុនៃអគ្គិភ័យ ពុំត្រូវបានដឹងភ្លាមៗនោះទេ ហើយប្រភពព័ត៌មានពីក្រុមការពារស៊ីវិល បានឲ្យដឹងថា អគារបានបាក់នៅក្នុងអគ្គិភ័យ ។
សាក្សី ២រូប បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ដំបូងឡើយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ពិបាកទប់ទល់នឹងអណ្តាតភ្លើងខ្លាំងណាស់ដោយសារតែវាឆាបឆេះខ្លាំងពេក ហើយរយៈពេលជាង ៣ម៉ោងក្រោយមក ទើបពួកគេអាចទប់ស្កាត់បាន ។
រដ្ឋាភិបាលអេហ្ស៊ីប និយាយថា ពួកគេបានបញ្ជូនរថយន្តគិលានសង្រ្គោះ ៣០គ្រឿង ទៅកាន់កន្លែងកើតហេតុ ហើយយន្តហោះយោធា ២គ្រឿង កំពុងនៅតាមផ្លូវ ។
សូមបញ្ជាក់ថា និយ័តកម្មសុវត្ថិភាពអគ្គិភ័យ ពុំត្រូវបានពង្រឹងឲ្យបានត្រឹមត្រូវនោះទេនៅក្នុងប្រទេសអេហ្ស៊ីប ហើយយោងតាមការអះអាងរបស់ការិយាល័យស្ថិតិផ្លូវការរបស់ប្រទេសមួយនេះ បានឲ្យដឹងថា មាននូវអគ្គិភ័យ ៤៩.៣០០លើក បានកើតនៅក្នុងឆ្នាំ ២០២២ បណ្តាលឲ្យមនុស្ស ២០៣នាក់ បាត់បង់ជីវិត និងមនុស្ស ៨៥៥នាក់ផ្សេងទៀត បានរងរបួស ៕