យោងតាមការអះអាងរបស់ឧបនាយករដ្ឋមន្រ្តីថៃលោក Somsak Thapsutin បានឲ្យដឹងថា ផ្ទះសម្បែងប្រជាពលរដ្ឋជាង ២ពាន់ខ្នងនៅខេត្តសុខោទ័យ រងផលប៉ះពាល់ដោយសារទឹកជំនន់នៅថ្ងៃចន្ទនេះ ក្រោយបាក់ទំនប់នៅតាមដងទន្លេ Yom ដោយសារតែភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគខាងជើងប្រទេសថៃ ។
ប្រជាពលរដ្ឋនៅខេត្តសុខោទ័យ និយាយថា វាគឺជាទឹកជំនន់ដ៏អាក្រក់បំផុតពួកគេពុំធ្លាប់ដែលជួបប្រទះកាលពីមុនមក ហើយកម្ពស់ទឹក បានហក់ឡើងខ្លាំងនៅទន្លេ Yom ក្នុងឆ្នំានេះ ។
ប្រជាពលរដ្ឋក្នុងស្រុក និងក្រុមមន្រ្តីនៅខេត្តសុខោទ័យ បានជួយយកបាវខ្សាច់ទប់ទឹកជំនន់ ដើម្បីកាត់បន្ថយផលប៉ះពាល់មកនៅកម្រិតអប្បបរមាលើផ្ទះសម្បែងរបស់ពួកគេ ។
កាលពីថ្ងៃអាទិត្យម្សិលមិញ នាយករដ្ឋមន្រ្តីថៃលោក Srettha Thavisin បានបញ្ជាឲ្យទីភ្នាក់ងាររដ្ឋ យកចិត្តទុកដាក់ជាពិសេសលើតំបន់រងផលប៉ះពាល់ដោយសារទឹកហូរប្រៀបច្រាំងទន្លេ Yom ដោយសារតែភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគខាងជើងប្រទេសថៃ ។ លោក Thavisin បានជំរុញផងដែរឲ្យរដ្ឋាភិបាលត្រៀមខ្លួនសម្រាប់ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។
លោក Nephewគឺជាពលរដ្ឋក្នុងស្រុកមួយរូបនិយាយថា ជាការពិតណាស់ថា ទឹកជំនន់ពុំធ្លាប់ដែលប៉ះពាល់ពួកយើងខ្លាំងបែបនេះនោះទេ ។ លោកបន្តថា ចាប់តាំងពីលោកកើតធំដឹងក្តីមក លោកពុំដែលមើលឃើញទឹកជំនន់ហូរចូលផ្ទះរបស់ពួកយើងនោះទេ ។
ដោយឡែក លោក Sansak Ongklaiគឺជាប្រធានប្រតិបត្តិអង្គការរដ្ឋបាលថ្នាក់ក្រោមស្រុក និយាយថា លោកមិនប្រាកដនោះទេចំពោះចំនួនមនុស្សពិតប្រាកដដែលរងផលប៉ះពាល់ ប៉ុន្តែបើសិនជាពួកយើងរាប់ត្រួសៗពីចំនួនភូមិ ចំនួនផ្ទះសម្បែងដែលរផលប៉ះពាល មានប្រហែលពី ៥០០ ទៅ ៦០០ភូមិ ៕