
បេក្ខជននាំគេ ក្នុងការប្រជែងតំណែងប្រធានាធិបតីអាហ្សង់ទីន បានប៉ះទង្គិចក្នុងកម្មវិធីជជែកដេញដោលលើកដំបូងនៃយុទ្ធនាការ កាលពីថ្ងៃអាទិត្យ (ទី១ ខែតុលា) ដោយបានវាយប្រហារគ្នាទៅវិញមកថា តើនរណាត្រូវទទួលបានការស្តីបន្ទោស ចំពោះការបង្កឲ្យមានវិបត្តិសេដ្ឋកិច្ចចុងក្រោយបង្អស់និងថា តើនឹងបញ្ចប់វិបត្តិសេដ្ឋកិច្ចជាច្រើនទសវត្សរ៍នេះ ដោយរបៀបណា។
បេក្ខជនសេរីនិយមជ្រុលលោក Javier Milei ដែលស្នើឲ្យមានការប្រើប្រាស់រូបិយប័ណ្ណដុល្លារ និងកំពុងនាំមុខការបោះឆ្នោតនោះ បានលើកឡើងឲ្យមានការ «ធ្វើកំណែទម្រង់រដ្ឋ» កាត់បន្ថយការចំណាយសាធារណៈឲ្យបានច្រើន កាត់បន្ថយពន្ធ សម្រួលប្រព័ន្ធពន្ធដារ បន្ថយការធ្វើនិយ័តកម្មសេដ្ឋកិច្ច ធ្វើឯកជនភាវូបនីយកម្ម ដើម្បីបិទក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋដ៏គ្រោះថ្នាក់ បើកចំហសេដ្ឋកិច្ច ហើយនិងបិទធនាគារកណ្តាល។
ចំណែកលោក Sergio Massa ដែលជាបេក្ខជនរបស់គណបក្សកាន់អំណាច បានសុំទោសអ្នកបោះឆ្នោត សម្រាប់ការលំបាកផ្នែកសេដ្ឋកិច្ច នាពេលថ្មីៗនេះ ប៉ុន្តែបានព្យាយាមមិនឲ្យមាន «កំហុស» ដែលរដ្ឋាភិបាលបានធ្វើមុនពេលរូបលោកក្លាយជារដ្ឋមន្ត្រីសេដ្ឋកិច្ច។
រីឯមេដឹកនាំស្តាំនិយមកណ្តាល លោកស្រី Patricia Bullrich ក៏បានលើកឡើងផងដែរពីបញ្ហាសេដ្ឋកិច្ច នាពេលបច្ចុប្បន្ន នៅក្នុងប្រទេស ហើយបានប្តេជ្ញា និងបញ្ចប់អតិផរណា នៅក្រោមរដ្ឋបាលរបស់លោកស្រី។
ក្រោមច្បាប់របស់ប្រទេសអាហ្សង់ទីន កម្មវិធីជជែកដេញដោល ដែលតម្រូវឲ្យមានចំនួន ២ដង ត្រូវតែធ្វើឡើងឲ្យបានមុនការបោះឆ្នោតប្រធានាធិបតីថ្ងៃទី២២ ខែតុលា ដែលអ្នកបោះឆ្នោតអាហ្សង់ទីន នឹងត្រូវបានបង្ហាញឲ្យឃើញពីចក្ខុវិស័យខុសគ្នាយ៉ាងខ្លាំងក្លា សម្រាប់អនាគតប្រទេសជាតិ៕