
ប្រតិបត្តិករនៃរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi បានចាប់ផ្តើមទទួលយកការស្នើសុំសំណង សម្រាប់ការធ្វើឲ្យខូចខាតកេរ្តិ៍ឈ្មោះ បន្ទាប់ពីក្រុមហ៊ុនបានចាប់ផ្តើមបញ្ចេញទឹក ដែលត្រូវបានធ្វើប្រព្រឹត្តិកម្មរួចហើយ និងដែលនៅសល់សារធាតុវិទ្យុសកម្មតិចតួចពីរោងចក្រ។
ក្រុមហ៊ុន Tokyo Electric Power Company ឬ TEPCO និយាយថា ការទូទាត់សំណង នឹងត្រូវបានធ្វើឡើងដោយមិនគិតពីរយៈពេល តំបន់ និងប្រភេទអាជីវកម្មនោះទេ។ ក្រុមហ៊ុនបានចាប់ផ្តើមទទួលយកពាក្យសុំ នៅថ្ងៃចន្ទ (ទី២ ខែតុលា) នេះ ហើយនឹងចាប់ផ្តើមផ្ញើឯកសារចាំបាច់ដល់អ្នកដាក់ពាក្យសុំ នៅថ្ងៃទី២០ ខែវិច្ឆិកា។
TEPCO និយាយថា ខ្លួននឹងផ្តល់សំណងដល់អ្នកដែលជួបប្រទះការធ្លាក់ចុះនៃការលក់ ឬតម្លៃផលិតផលដូចជាអាហារសមុទ្រ និងកសិកម្ម ក៏ដូចជាការចំណាយដែលបណ្តាលមកពីការផ្អាកការនាំចូលដោយប្រទេសដទៃទៀត។ សូមរំលឹកថា ប្រទេសចិនបានផ្អាកការនាំចូលអាហារសមុទ្រពីប្រទេសជប៉ុនគ្រប់យ៉ាង បន្ទាប់ពីការបញ្ចេញនេះ។
ក្រុមហ៊ុន TEPCO គ្រោងនឹងវាយតម្លៃភ្លាមៗនូវទំហំនៃការខូចខាតសម្រាប់អ្នកដាក់ពាក្យ កំណត់ចំនួនសំណង និងផ្តល់ការទូទាត់ដល់អ្នកដែលមានសិទ្ធិទទួលសំណង។
សូមបញ្ជាក់ថា ចាប់តាំងពីការចាប់ផ្តើមនៃការបញ្ចេញទឹកនេះ បណ្ដុំសារធាតុទ្រីចូម នៅក្នុងសំណាកទឹកសមុទ្រ គឺទាបជាងកម្រិត ដែលអាចរកឃើញ នៅក្នុងការត្រួតពិនិត្យជាច្រើនលើក ដែលធ្វើឡើងដោយក្រុមហ៊ុន TEPCO ក្រសួងបរិស្ថាន និងខេត្តហ្វូគូស៊ីម៉ា៕