
រដ្ឋមន្ត្រីថាមពលទួរគី លោក អាល់ប៉ាស្លាន បាយរ៉ាក់តា (Alparslan Bayraktar) បាននិយាយថា បំពង់បង្ហូរប្រេងឆៅ ដែលរត់ពីតំបន់ឃើដឌីស្តង់ (Kurdistan) របស់អ៊ីរ៉ាក់ ទៅកាន់ឆ្នេរសមុទ្រមេឌីទែរ៉ាណេនៃប្រទេសទួរគី នឹងចាប់ផ្តើមប្រតិបត្តិការឡើងវិញក្នុងសប្តាហ៍នេះ។
បំពង់បង្ហូរប្រេងនេះ ត្រូវបានបិទកាលពីដើមឆ្នាំនេះ បន្ទាប់ពីតុលាការមជ្ឈត្តករ បានបញ្ជាឲ្យទីក្រុងអង់ការ៉ាបង់ប្រាក់ការខូចខាតប្រហែល១,៥ពាន់លានដុល្លារដល់ប្រទេសអ៊ីរ៉ាក់សម្រាប់ការដឹកជញ្ជូនប្រេងពីតំបន់ ឃើដឌីស្តង់ដោយគ្មានការយល់ព្រមពីទីក្រុងបាកដាដ។
លោក បាយរ៉ាក់តា បាននិយាយនៅក្នុងទីក្រុង អាប៊ូ ដាប៊ី (Abu Dhabi)នៅថ្ងៃចន្ទនេះថា៖«បំពង់បង្ហូរប្រេង បានរួចរាល់សម្រាប់ដំណើរការ ហើយនៅក្នុងសប្តាហ៍នេះ យើងនឹងចាប់ផ្តើមដំណើរការបំពង់បង្ហូរប្រេងអ៊ីរ៉ាក់- ទួរគី ដែលក្រោយពីដំណើរការឡើងវិញ នឹងអាចផ្គត់ផ្គង់ប្រេងបានកន្លះលានបារ៉ែលក្នុងមួយថ្ងៃទៅកាន់ទីផ្សារពិភពលោក។
ប្រទេសទួរគី បាននិយាយថា ខ្លួនបានជួសជុលប្រព័ន្ធបំពង់បង្ហូរប្រេងនេះរួចរាល់ហើយ បន្ទាប់ពីមានការរញ្ជួយដី។ រដ្ឋមន្ត្រីថាមពលនៃប្រទេសទាំងពីរ បានពិភាក្សាគ្នាអំពីសារៈសំខាន់នៃការបន្តលំហូរឡើងវិញនៅលើបំពង់បង្ហូរប្រេង ដែលដឹកប្រេងទៅកាន់កំពង់ផែ Ceyhan របស់ប្រទេសទួរគី។