បាល់ទាត់៖ លោក ខូវ ឆាយ អគ្គលេខាធិការសមាគម កីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទបានបង្ហើបថា ដំបូងឡើយលោកមិនសូវមានសង្ឃឹមក្នុងការនាំយកលោក Lee Tae Hoon មកដឹកនាំក្រុមនោះទេ តែដោយសារកត្តាសំខាន់មួយ គឺការមានទិសដៅស្របគ្នាក្នុងការអភិវឌ្ឍន៍បាល់ទាត់ ទើបឈានដល់កិច្ចព្រមព្រៀង និងតែងតាំងអតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជារូបនេះ ជាអ្នកចាត់ការទូទៅក្រុមថ្មីតែម្ដង។

ការលើកឡើងនេះបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកាសផ្លូវការអ្នកចាត់ការក្រុមថ្មី របស់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ គឺលោក Lee Tae Hoon ក្រោមកិច្ចសន្យារយៈពេល ២ឆ្នាំកាលពីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ នេះនៅសណ្ឋាគារសូហ្វីតែល។ លោក ខូវ ឆាយ បន្ដថា គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងនេះ នឹងត្រូវកាត់តួនាទីដូចអ្នកចាត់ការទូក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda ពោលគឺលោកនឹងគ្រប់គ្រងលើការបច្ចេកទេសរួមរបស់ក្លិប រួមទាំងគ្រូបង្វឹកផងដែរ។ ក្លិបរំពឹងថា វត្តមានរបស់លោក Lee Tae Hoon នឹងធ្វើឲ្យសមាគមកីឡាបាល់ទាត់ កងយោធពលខេមរភូមិន្ទកាន់តែរីកចម្រើន និងមានការប្រកួតប្រជែងកាន់តែខ្ពស់ទាំងក្នុងលីគ ពានសម្ដេចតេជោ ហ៊ុន សែន និងការប្រកួតផ្សេងៗទៀត។ ទន្ទឹមជាមួយគ្នាលោក Lee Tae Hoon ក៏បានសម្ដែងនូវសេចក្ដីរីករាយចំពោះការទទួលបានឱកាស ដើម្បីដឹកនាំក្រុមបាល់ទាត់នៅកម្ពុជាវិញផងដែរ។ លោកបានប្ដេជ្ញាចិត្តនឹងប្រើប្រាស់បទពិសោធន៍ និងសមត្ថភាពដែលខ្លួនមាន ដើម្បីចូលរួមអភិវឌ្ឍន៍សមាគមកីឡាបាល់ទាត់ កងយោធពលខេមរភូមិន្ទឲ្យរីកចម្រើន ហើយក្លាយជាក្លិបមានឈ្មោះបោះសំឡេងមួយក្នុងតំបន់នាថ្ងៃអនាគត។
សូមបញ្ជាក់ថា លោក Lee Tae Hoon បានមកបម្រើការងារនៅកម្ពុជាដំបូង ជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងនាមគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាកាលពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៨ ទើបលោកផុតកិច្ចសន្យាជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោកក៏ផ្ទេរទៅដឹកនាំក្លិប Hoang Anh Gia Lai នៃលីគកំពូលវៀតណាម។ ប៉ុន្តែរយៈពេល ២ឆ្នាំដែលលោកដឹកនាំក្រុមលីគកំពូលវៀតណាមនេះ ហាក់ទទួលលទ្ធផលមិនសូវល្អឡើយ ដែលនាំឲ្យក្លិបសម្រេចចែកផ្លូវគ្នាជាមួយលោកតែម្ដង មុនលោកត្រឡប់មកកម្ពុជា និងទទួលបានការងារថ្មី ជាអ្នកចាត់ការក្រុមថ្មីនៃសមាគមកីឡាបាល់ទាត់ កងយោធពលខេមរភូមិន្ទពេលនេះ៕
អត្ថបទ៖ លី ឈុនឡា