
ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃចន្ទនេះ បានបញ្ចេញរូបភាពវីដេអូថ្មី ឃើញទាហានរបស់ខ្លួនមកពីក្រុមថែរក្សាសន្តិភាពក្នុងប្រទេសអាស៊ែបៃហ្សង់ ត្រួតពិនិត្យការឆ្លងកាត់របស់រថយន្តដឹកជនជាតិភាគតិចអាមេនី ចាកចេញពីតំបន់ Nagorno-Karabakh ឆ្លងកាត់ច្រករបៀង Lachin ។
លំហូរចេញទ្រង់ទ្រាយធំជនជាតិភាគតិចអាមេនី ពីតំបន់មួយនេះ ជិតបញ្ចប់ហើយ បន្ទាប់ពីប្រតិបត្តិការសឹករបស់អាស៊ែបៃហ្សង់ កាលពីខែមុន ។
យោងតាមការអះអាងរបស់ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា រថយន្តក្រុមថែរក្សាសន្តិភាព បានជួយដឹកពលរដ្ឋអាមេនីដែលគ្មានរថយន្តផ្ទាល់ខ្លួន ដើម្បីចាកចេញពីតំបន់ Karabakh ។
ប៉ុស្តិ៍សង្កេតការណ៍របស់ក្រុមថែរក្សាសន្តិភាព នៅតាមផ្លូវ បានស្តុកទឹកផឹក ឱសថ និងប្រេង ហើយពួកគេបានផ្តល់ជំនួយសុខភាពដល់ជន់ជាតិដើមភាគតិចអាមេនីផងដែរ ។
អង្គការសុខភាពពិភពលោក(WHO)បាននិយាយកាលពីថ្ងៃអាទិត្យថា ជនជាតិភាគតិចអាមេនីជាង ១០ម៉ឺននាក់ មកពីតំបន់ Nagorno-Karabakh បានធ្វើដំណើរក្នុងរយៈពេលតិចជាងមួយសប្តាហ៍កន្លងមកនេះ ។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលអាមេនី បានរិះគន់ក្រុមថែរក្សាសន្តិភាពរុស្ស៊ី ថាពុំបានធ្វើរឿងគ្រប់គ្រាន់ ដើម្បីការពារជនជាតិភាគតិចអាមេនីនោះទេនៅតំបន់ Karabakh ប៉ុន្តែវិមានក្រឹមឡាំង និងក្រសួងការបរទេសរុស្ស៊ី បានចាត់ទុកអំណះអំណាងនេះថា គ្មានមូលដ្ឋានច្បាស់លាស់ ៕