
ក្រុមអាជ្ញាធរទួរគី បានចាប់ខ្លួនមនុស្ស ២០នាក់ ដែលសង្ស័យថា មានទំនាក់ទំនងជាមួយក្រុមជីវពលឃើដ ដែលបានប្រកាសទទួលស្គាល់ការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីថ្ងៃអាទិត្យ នៅអគារដ្ឋាភិបាលស្ថិតក្នុងទីក្រុងអង់ការ៉ា ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃទួរគីលោក Ali Yerlikaya និយាយនៅថ្ងៃចន្ទនេះថា ប្រតិបត្តិការ ២០លើក បានធ្វើឡើង នៅទីក្រុងអ៊ីស្តានប៊ុល និងទីក្រុង Kırklareli ស្ថិតនៅភាគពាយ័ព្យប្រទេសទួរគី ។
ការចាប់ខ្លួនមនុស្សនេះ បានកើតមានរយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយក្រុមបំផ្ទុះគ្រាប់បែកអត្តឃាត ២រូប វាយប្រហារក្រសួងមហាផ្ទៃទួរគី ស្ថិតនៅក្នុងរដ្ឋធានីអង់ការ៉ា ដែលជាទីតាំងមានអគារដ្ឋាភិបាល និងអគារធុរកិច្ច ។
ជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានបំផ្ទុះខ្លួនឯង ខណៈដែលជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ទៀត ត្រូវបានបាញ់សម្លាប់ដោយក្រុមនគរបាល ។
នគរបាល ២នាក់ បានរងរបួស អំឡុងការវាយប្រហារនេះ ហើយគណបក្សការងារឃើដ(PKK) ដែលបានបះបោរនៅក្នុងប្រទេសទួរគី អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនោះ បាននិយាយថា ពួកគេគឺជាអ្នកបើកការវាយប្រហារដោយគ្រាប់បែកអត្តឃាតនេះ ។
ដើម្បីជាការឆ្លើយតប កងកម្លាំងប្រដាប់អាវុធទួរគី បានវាយឆ្មក់ទាំងយប់ មកគោលដៅ ២០កន្លែងរបស់គណបក្ស PKK នៅតំបន់ភាគខាងជើងប្រទេសអ៊ីរ៉ាក់ ជាកន្លែងដែលក្រុមមួយនេះស្ថិតនៅ ៕