
ស្ថិតិសុខភាពផ្លូវការ បានចុះផ្សាយកាលពីថ្ងៃអាទិត្យថា ប្រទេសបង់ក្លាដែស បានរកឃើញករណីស្លាប់ដោយសារជំងឺគ្រុនឈាមកើនឡើងជាង ១ពាន់នាក់ ចាប់តាំងពីដើមឆ្នាំនេះ ធ្វើឲ្យវាក្លាយជាការរីករាលដាលឆ្លងជំងឺគ្រុនឈាមដ៏អាក្រក់បំផុតនៅក្នុងប្រទេសមួយនេះ ។
យោងតាមទិន្នន័យចុះផ្សាយដោយអគ្គនាយកដ្ឋានសេវាសុខភាពបង់ក្លាដែស បានឲ្យដឹងថា មនុស្ស ១.០០៦នាក់ បានស្លាប់ដោយសារជំងឺគ្រុនឈាម នៅចំណោមករណីឆ្លងមនុស្សជាង ២០ម៉ឺននាក់ ។
ករណីស្លាប់បច្ចុប្បន្នមានចំនួនជិត ៤ដងច្រើនជាងករណីស្លាប់ទាំងអស់កាលពីឆ្នាំមុន ពេលដែលបង់ក្លាដែស រកឃើញករណីស្លាប់ ២៨១នាក់ ដោយសារជំងឺគ្រុនឈាម ។
បន្ទប់ព្យាបាលអ្នកជំងឺគ្រុនឈាននៅក្នុងមន្ទីរពេទ្យ Mugda ពេញដោយអ្នកជំងឺ ។
លោក Niatuzzaman គឺជារដ្ឋបាលមន្ទីរពេទ្យ Mugda និយាយថា បើទោះបីជាអ្នកជំងឺមកពីទីក្រុង Dhaka ធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះក៏ដោយ ចំនួនមនុស្សដែលចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមកពីតំបន់ជនបទ បានកើនឡើង ហើយវាគឺជាសញ្ញាគួរឲ្យព្រួយបារម្ភមួយ ។
ក្រុមអាជ្ញាធរសុខភាព និងក្រុមអ្នកជំនាញ និយាយថា ភាគច្រើននៃករណីឆ្លងជំងឺគ្រុនឈាមក្នុងឆ្នាំនេះ មកពីស្រុកនៅក្រៅទីក្រុង Dhaka ៕