អ៊ុយក្រែន៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador កាលពីថ្ងៃចន្ទ (២ តុលា) បានរិះគន់ជំនួយយោធារបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន ដោយលើកឡើងថា វាជារឿង «មិនសមហេតុផល» ហើយបានបង្កើនការរិះគន់លើកិច្ចខិតខំប្រឹងប្រែងសង្រ្គាម ខណៈដែលលោកបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន លះបង់ធនធានបន្ថែមទៀត ដើម្បីជួយដល់បណ្ដាប្រទេសនៅអាមេរិកឡាទីន។
លោក Lopez Obrador បានអំពាវនាវជាយូរមកហើយឱ្យសហរដ្ឋអាមេរិក លះបង់មូលនិធិបន្ថែមទៀតដើម្បីជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅអាមេរិកកណ្តាល និងតំបន់មហាសមុទ្រការ៉ាអ៊ីប ដើម្បីបន្ធូរបន្ថយសម្ពាធពីការធ្វើអន្តោប្រវេសន៍។
ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ខ្លួន លោក Lopez Obrador បានរិះគន់សភាសហរដ្ឋអាមេរិក ចំពោះការមិនបញ្ចេញថវិកាសម្រាប់តំបន់ មុនពេលធ្វើការយោងទៅលើជម្លោះកាលពីសប្តាហ៍មុនលើសេចក្ដីស្នើច្បាប់ផ្តល់មូលនិធិបញ្ឈប់ ដែលដកជំនួយបន្ថែមសម្រាប់អ៊ុយក្រែន។
ប្រធានាធិបតីឆ្វេងនិយម លោក Lopez Obrador បានព្យាយាមរក្សាប្រទេសម៉ិកស៊ិកឱ្យដ្ថិតក្នុងភាពអព្យាក្រឹតក្នុងសង្រ្គាមអ៊ុយក្រែន ហើយបានរិះគន់ជំនួយយោធាលោកខាងលិចសម្រាប់ទីក្រុងគីវ។ លោកក៏បានអំពាវនាវឲ្យមានការចរចាសន្តិភាពដើម្បីបញ្ចប់ជម្លោះរុស្ស៊ី និងអ៊ុយក្រែនផងដែរ។
កាលពីពីរសប្តាហ៍មុន លោក Lopez Obrador បានការពារវត្តមានរបស់អង្គភាពយោធារុស្ស៊ីនៅក្នុងក្បួនដង្ហែរចុងសប្តាហ៍ ដែលប្រារព្ធទិវាឯករាជ្យរបស់ប្រទេសម៉ិកស៊ិក បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងថាប្រទេសរបស់លោក បានផ្តល់វេទិកាមួយដល់កងកម្លាំងដែលបានឈ្លានពានអ៊ុយក្រែន។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលរបស់លោក Lopez Obrador ក៏បានគាំទ្រសេចក្ដីសម្រេចសំខាន់ៗមួយចំនួនរបស់អង្គការសហប្រជាជាតិ ដែលរិះគន់តួនាទីរបស់រុស្ស៊ីនៅក្នុងជម្លោះជាមួយអ៊ុយក្រែនផងដែរ៕


