អាល្លឺម៉ង់៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) បានថ្លែងថា រដ្ឋាភិបាលរបស់លោក នឹងធ្វើឲ្យ ប្រាកដថា ស្ថានភាពជនភៀសខ្លួនបច្ចុប្បន្ន ស្ថិតក្រោមការគ្រប់គ្រង ហើយជនអន្តោប្រវេសន៍ ដែលគ្មានឯកសារ នឹងត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញកាន់តែលឿន នាពេលអនាគត។
លោកសូល បាននិយាយនៅឯកិច្ចប្រជុំសាលាក្រុងក្នុងទីក្រុងហាំប៊ឺក (Hamburg) កាលពីថ្ងៃចន្ទថា អ្នកស្វែងរកសិទ្ធិជ្រកកោន ដែលត្រូវបានបដិសេធ នឹងត្រូវចាកចេញម្តងទៀត។ យើងនឹងធ្វើការប្រឆាំងនឹងការបាត់បង់ការគ្រប់គ្រងជានិច្ច ព្រោះវាមិនល្អសម្រាប់រដ្ឋមួយ ឬប្រទេសលទ្ធិប្រជាធិបតេយ្យមួយទេ។
លោកអធិការបតី ក៏បាននិយាយផងដែរថា ច្បាប់អន្តោប្រវេសន៍ទូទៅរបស់សហភាពអឺរ៉ុប នឹងធានាថា ជនអន្តោប្រវេសន៍ ត្រូវបានចុះឈ្មោះនៅក្នុងប្រទេសសហភាពអឺរ៉ុប ដែលពួកគេចូលប្លុកនេះ ជាលើកដំបូង។ លោកបានបន្តទៀតថា ចន្លោះពី៧០ភាគរយទៅ៨០ភាគរយនៃអ្នកចូលទៅក្នុងប្រទេសអាល្លឺម៉ង់ពីមុន បានស្ថិតនៅក្នុងរដ្ឋសហភាពអឺរ៉ុបមួយផ្សេងទៀត «ប៉ុន្តែមិនត្រូវបានចុះឈ្មោះ នៅទីនោះទេ»។
សម្ព័ន្ធបីគណបក្សរបស់លោកសូល បានស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងក្នុងការផ្លាស់ប្តូរគោលនយោបាយអន្តោប្រវេសន៍ដ៏ធូររលុងរបស់អាល្លឺម៉ង់ ដោយមើលឃើញពីចំនួនកើនឡើងយ៉ាងខ្លាំង និងការគំរាមកំហែងផ្នែកនយោបាយ ដែលកំពុងកើនឡើងពីគណបក្សជម្រើសស្តាំនិយមអាល្លឺម៉ង់។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឲ្យដឹងថា មនុស្សជាង ២០៤.000នាក់ បានស្នើសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសអាល្លឺម៉ង់រហូតដល់ខែសីហា ពោលគឺកើនឡើង ៧៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អាជ្ញាធរមូលដ្ឋានជាច្រើន បានព្រមានថា ពួកគេលែងមានលទ្ធភាពផ្តល់លំនៅឋានទៀតហើយ៕


