អូស្ត្រាលី៖ ចំហេះព្រៃនៅរដ្ឋVictoria ប្រទេសអូស្ត្រាលី មានចំនួនច្រើនជាង៣ដងកាលពីពេលយប់ ហើយអាជ្ញាធរ បានជំរុញឲ្យពលរដ្ឋ នៅក្នុងតំបន់ដាច់ស្រយាលនៃរដ្ឋ Tasmania ឲ្យជម្លៀសខ្លួន ខណៈរលកកម្តៅនិទាឃរដូវបានវាយបក់អគ្គិភ័យ នៅទូទាំងភាគអាគ្នេយ៍របស់ប្រទេស។
យោងតាមអាជ្ញាធរអគ្គិភ័យរដ្ឋ បានឲ្យដឹងថា ផ្ទៃដីប្រមាណ១៧.០០០ហិចតា ត្រូវបានឆាបឆេះនៅថ្ងៃអង្គារនេះនៅផ្នែកភាគខាងកើត តំបន់ Gippsland រដ្ឋ Victoria បន្ទាប់ពីខ្យល់បក់ខ្លាំងរាលដាលអគ្គិភ័យកាលពីពេលយប់ ដែលក្រុមអ្នកពន្លត់អគ្គិភ័យប្រមាណ ៦៥០ នាក់ត្រូវបានដាក់ពង្រាយ ។
នៅទូទាំងច្រកសមុទ្រ Bass ក្នុងរដ្ឋ Tasmania ពលរដ្ឋនៅជាយភាគខាងជើងនៃកោះ Flinders ត្រូវបានប្រាប់ឲ្យជម្លៀសខ្លួនពីចំហេះព្រៃដែលហួសពីការគ្រប់គ្រង។
អគ្គិភ័យបានឆាបឆេះដោយកម្តៅ និងខ្យល់ស្ងួតនៅទូទាំងភាគអាគ្នេយ៍ខណៈប្រទេសនេះជួបប្រទះរដូវនិទាឃរដូវ ក្តៅខ្លាំងមិនសមស្របតាមរដូវកាល។
យោងតាមការិយាល័យឧតុនិយមបានឲ្យដឹងថា ប្រទេសអូស្ត្រាលី បានចាប់ផ្តើមនិទាឃរដូវក្នុងខែកញ្ញាស្ងួតហួតហែងក្នុងកំណត់ត្រា ដោយមានភ្លៀងធ្លាក់៧១ភាគរយ ជាកម្រិតក្រោមមធ្យមនៅក្នុងឆ្នាំ១៩៦១ ដល់ឆ្នាំ១៩៩០។
ស្ថានភាពត្រូវបានគេរំពឹងថា នឹងផ្លាស់ប្តូរឆាប់រហ័សនៅក្នុងរដ្ឋ Victoria នៅរសៀលថ្ងៃអង្គារនេះ ដោយ មានភ្លៀងធ្លាក់ខ្លាំងត្រូវបានរំពឹងទុកដើម្បីជួយពន្លត់ភ្លើង ប៉ុន្តែអាចបង្កឲ្យមានទឹកជំនន់យ៉ាងគំហុក៕

