ហ្វីលីពីន៖ ហ្វីលីពីន សហរដ្ឋអាមេរិក និងបណ្ដាសម្ព័ន្ធមិត្តរបស់ខ្លួន បានបន្តសមយុទ្ធជើងទឹករួមគ្នារយៈពេលពីរសប្តាហ៍ នៅថ្ងៃអង្គារ (៣ តុលា) នេះ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្របពេលមានសកម្មភាពអះអាងកាន់តែខ្លាំងឡើងរបស់ទីក្រុងប៉េកាំង នៅក្នុងសមុទ្រចិនខាងត្បូង ព្រមទាំងភាពតានតឹងនៅក្នុងអាស៊ីប៉ាស៊ីហ្វិក។
សមយុទ្ធរួមគ្នានោះឈ្មោះថា «សាម៉ាសាម៉ា» ដែលមានន័យថា «រួបរួមគ្នា» នៅក្នុងភាសា Tagalog របស់ហ្វីលីពីន ហើយសមយុទ្ធនេះមានគោលបំណងជាចម្បង ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់ប្រទេសនេះ។ សមយុទ្ធនេះ ធ្វើឡើងនៅក្នុង និងជុំវិញកោះឡូហ្សូន (Luzon) ភាគខាងជើងហ្វីលីពីន ហើយនឹងបន្តរហូតដល់ថ្ងៃទី១៣ ខែតុលា។
កងទ័ពជើងទឹកហ្វីលីពីនបាននិយាយថា សមយុទ្ធសាម៉ាសាម៉ា មានគោលបំណង «ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិអន្តរជាតិបន្ថែមទៀត និងជំរុញឱ្យមានសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់»។
ជាផ្នែកមួយនៃសមយុទ្ធនេះ កងទ័ពជើងទឹកហ្វីលីពីន និងសហរដ្ឋអាមេរិក កំពុងធ្វើសមយុទ្ធអន្តរប្រតិបត្តិការជាមួយកងកម្លាំងមកពីប្រទេសជប៉ុន ចក្រភពអង់គ្លេស កាណាដា បារាំង និងអូស្ត្រាលី។ កងកម្លាំងនាវាចរនូវែលសេឡង់ និងឥណ្ឌូណេស៊ី ក៏ចូលរួមជាអ្នកសង្កេតការណ៍ក្នុងសមយុទ្ធនេះផងដែរ។
ការជំរុញឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីកាន់តែខ្លាំងឡើងនេះ កើតឡើងស្របពេលមានកំណើនភាពតានតឹងផ្នែកដែនសមុទ្ររវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង ព្រមទាំងកិច្ចខិតខំប្រឹងប្រែងដោយទីក្រុងវ៉ាស៊ីនតោន ក្នុងការទប់ទល់ជាមួយឥទ្ធិពលចិននៅអាស៊ីប៉ាស៊ីហ្វិកផងដែរ៕

