ភំ្នពេញ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កម្មករកម្មការិនីរហូតដល់ទៅ ២១នាក់ បានរងរបួស បន្ទាប់ពីរថយន្តដឹកពួកគេបានរ៉េចង្កូតទៅបុកនឹងដើមឈើនៅឯស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ពីគ្រោះថ្នាក់ចរាចរណ៍លើកម្មករកម្មការិនីរោងចក្រកាត់ដេរបែបនេះ នៅលើទំព័រហ្វេសប៊ុក របស់ខ្លួននៅព្រឹកថ្ងៃនេះ។
ស្នងការដ្ឋាននគរបាលខេត្តនេះ បានឱ្យដឹងទៀតថា ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅម៉ោង ៦ព្រឹកថ្ងៃទី០២ ខែមិថុនា នេះនៅត្រង់ភូមិច្បារច្រុះ ស្ថិតក្នុងឃុំក្រាំងចេក ស្រុកឧដុង្គ បន្ទាប់ពីរថយន្តមួយគ្រឿងដែលដឹកកម្មករកម្មការិនីពីស្រុកថ្ពងនោះ បានរ៉េចង្កូតទៅបុកដើមឈើ។
បើតាមប្រភពដដែលនេះ កម្មករកម្មការិនី ២១នាក់ បានរងរបួស ក្នុងនោះមានកម្មការិនីចំនួន ៩នាក់ និងមានអ្នករបួសធ្ងន់ចំនួន ៦នាក់។
ស្នងការនគរបាលខេត្តកំពង់ស្ពឺ ឱ្យដឹងទៀតថា កម្មករកម្មការិនីទាំងនោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ និងមន្ទីរពេទ្យឯកជនផងដែរ៕
អត្ថបទ៖ បាន ចក់



