
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ណែនាំដល់មន្រ្ដីនៅតាមបណ្ដាក្រសួង ស្ថាប័ននានាត្រូវអនុវត្តការងារកុំឱ្យលើសពីនីតិវិធីដែលរាជរដ្ឋាភិបាលបានកំណត់ និងដាក់ចេញឱ្យសោះចំពោះការអនុវត្តការងាររបស់ខ្លួន ដើម្បីកុំឱ្យករណីបុគ្គល ១ រូប ២ រូប ធ្វើឱ្យប៉ះពាល់ដល់ការខិតខំបំពេញការងាររបស់រាជរដ្ឋាភិបាល។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ចំនួនជិត ២ម៉ឺននាក់ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២៣នេះថា កន្លងមកនេះ មានមន្រ្ដីមួយចំនួនតូចបានអនុវត្តការងារ ពិសេសពាក់ព័ន្ធនឹងការងារយកពន្ធ ឬភាស៊ីនៅតាមទីសារធារណៈ គឺបានអនុវត្តលើសពីនីតិវិធីដែលរដ្ឋាភិបាលបានដាក់ចេញ ដែលករណីនេះ គឺត្រូវលុបបំបាត់មិនត្រូវឱ្យកើតមានឡើយ ពីព្រោះបញ្ហានេះបង្កឡើងដោយមន្រ្ដីខិលខូច ១រូប ឬ២រូប ប៉ុន្ដែបានធ្វើឱ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនាពេលកន្លងមកយ៉ាងខ្លាំង។
ក្នុងឱកាសនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាន៍ថា របៀបធ្វើការរបស់សម្ដេច ទោះពេលខ្លះ មិនបានចេញសារ ដោយផ្ទាល់ជូនប្រជាពលរដ្ឋ ប៉ុន្ដែកិច្ចការងារទាំងធំ ឬតូច គឺសម្ដេចបានពិនិត្យ ដោះស្រាយ និងបានដាក់បទបញ្ជាទៅដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធដោយផ្ទាល់ក្នុងការដោះស្រាយទាំងអស់។ ខណៈពេលខ្លះម៉ោង ១២ ទៅ ១ នាទីយប់ ក៏សម្ដេចនៅតាមដានព័ត៌មានដែលជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាដោះស្រាយជូនប្រជាពលរដ្ឋ ៕ អត្ថបទ៖ វ៉ន ដារ៉ា