ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្រសួងបាននឹងកំពុងត្រៀមបម្រុងគ្រាប់ពូជស្រូវ និងពូជដំណាំរួមផ្សំមួយចំនួនហើយ ដើម្បីទុកសម្រាប់ជួយសង្គ្រោះប្រជាកសិករ ខណៈក្រុមការងារកំពុងបន្តតាមដានបញ្ហាទឹកជំនន់ និងផលប៉ះពាល់លើដំណាំស្រូវ។
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី៣ ខែតុលានេះថា ពេលនេះ យើងមិនអាចវាយតម្លៃបានច្បាស់លាស់ពីផលប៉ះពាល់ និងការខូតខាតជាក់ស្តែង ក្រោយពេលដែលទឹកស្រកអស់ ដើម្បីកំណត់ពីវិសាលភាពនៃវិធានការឆ្លើយតប និងការអន្តរាគមន៍ណាមួយក្នុងករណីចាំបាច់។
លោកជំទាវបន្តថា ចំពោះការផ្តល់ពូជ រាជរដ្ឋាភិបាលកម្ពុជា មានប្រព័ន្ធស្បៀងបំរុងសម្រាប់ផ្ដល់ជូន ប៉ុន្តែការផ្ដល់ជូនក្នុងកម្រិតណា ចំនួនប៉ុន្មាន ត្រូវរង់ចាំការវាយតម្លៃជាមុនសិន។
លោកជំទាវ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែតុលា ជំនន់ទឹកភ្លៀង និងទឹកទន្លេ ដែលបានហក់ឡើងនៅចុងខែកញ្ញា ឆ្នាំ២០២៣ បានបណ្តាលឲ្យជន់លិចដំណាំកសិកម្មនៅក្នុងស្រុកមួយចំនួនក្នុងខេត្តចំនួន១០ មានដូចជា៖ កំពង់ធំ ត្បូងឃ្មុំ ព្រះសីហនុ ព្រះវិហារ បាត់ដំបង ក្រចេះ ពោធិ៍សាត់ កំពង់ចាម ប៉ៃលិន និងខេត្តកណ្តាល។
លោកជំទាវ បានបន្តទៀតថា យ៉ាងណាក៏ដោយ បើតាមការចុះពិនិត្យមើលផ្ទាល់នៅតាមទីតាំងដែលរងផលប៉ះពាល់នៅក្នុងបណ្តាខេត្តទាំង១០ ”ក្រសួងកសិកម្ម បានរកឃើញផលប៉ះពាល់ទៅលើដំណាំស្រូវ និងដំណាំសាកវប្បកម្ម ព្រមទាំងដំណំាផ្សេងៗទៀតមិនមានលក្ខណៈធ្ងន់ធ្ងរ ដូចកាលពីឆ្នាំ២០២២ទេ ប៉ុន្តែក្រុមការងារក្រសួងទាំងថ្នាក់កណ្តាល ហើយនិងមន្រ្តីនៅតាមមន្ទីរ នៅតាមខេត្តដែលរងផលប៉ះពាល់នោះកំពុងបន្តតាមដានបញ្ហានេះយ៉ាងយកចិត្តទុកដាក់។ ហើយការវាយតម្លៃពុំទាន់អាចធ្វើបានទាំងស្រុងនៅឡើយទេ ដោយសារទឹកពុំទាន់ស្រកអស់ អញ្ចឹងហើយយើងនឹងអាចវាយតម្លៃបានច្បាស់លាស់ពីផលប៉ះពាល់ និងការខូចខាតជាក់ស្តែង ក្រោយពេលដែលទឹកស្រករួចអស់ បន្ទាប់ពីនេះទៀតយើងនឹងកំណត់អំពីវិសាលភាពនៃវិធានការឆ្លើយតប ហើយនិងការអន្តរាគមន៍ណាមួយនៅក្នុងករណីចាំបាច់”។
សូមជម្រាបថា នៅទូទាំងប្រទេសកម្ពុជា មានស្ថានីយផលិតគ្រាប់ពូជស្រូវចំនួន ៦កន្លែង និងមានការសហការបន្ថែមជាមួយសហគមន៍កសិករអ្នកផលិតគ្រាប់ពូជស្រូវនៅច្រើនកន្លែងថែមទៀត ដែលជាផ្នែកសំខាន់មួយនៃគោលនយោបាយប្រព័ន្ធស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា៕អត្ថបទ៖ ឈិត បូរ៉ាវី



