ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បាននិយាយនៅព្រឹកថ្ងៃអង្គារនេះ ដោយដកស្រង់សម្តីប្រភពយោធាមួយថា ទាហានពីរនាក់ បានរងរបួស បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីតាំងឈរជើងរបស់កម្លាំងប្រដាប់អាវុធស៊ីរី នៅក្នុងតំបន់ជុំវិញខេត្ត ឌាអាល់ហ្ស័រ (Deir al Zor) ភាគខាងកើតនៃប្រទេសស៊ីរី កាលពីថ្ងៃចន្ទ។

ប្រភពនោះ បាននិយាយថា៖«នៅម៉ោងប្រហែល ២៣:៥០នាទីរសៀល ថ្ងៃទី២ ខែតុលា សត្រូវរបស់អ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើទីតាំងរបស់កងកម្លាំងប្រដាប់អាវុធរបស់យើងមួយចំនួន នៅតំបន់ជុំវិញទីក្រុងឌាអាល់ហ្ស័រ ហើយការប្រហារនេះ បានបណ្តាលឲ្យទាហានពីរនាក់ រងរបួស និងបាត់បង់សម្ភារៈមួយចំនួន។ ពុំមានការអត្ថាធិប្បាយភ្លាមៗពីកងទ័ពអ៊ីស្រាអែលទេ។
ប្រទេសអ៊ីស្រាអែល បាននិងកំពុងធ្វើការវាយប្រហារជាច្រើនឆ្នាំប្រឆាំងនឹងអ្វីដែលខ្លួនបានពិពណ៌នាថាជាគោលដៅទាក់ទងជាមួយអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ដែលឥទ្ធិពលរបស់ទីក្រុងតេអេរ៉ង់ បានកើនឡើង ចាប់តាំងពីប្រទេសនេះ បានចាប់ផ្តើមគាំទ្រលោក ប្រធានាធិបតី បាសា អាល់អាសាដ (Bashar al-Assad) ក្នុងសង្គ្រាមស៊ីវិល ដែលបានចាប់ផ្តើម ក្នុងឆ្នាំ២០១១។

