អូឡាំពិក៖ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបន្ដបើកកិច្ចប្រជុំប្រចាំសប្ដាហ៍ ដោយពិភាក្សាលម្អិតលើផែនការត្រៀមស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមនាខែវិច្ឆិកាខាងមុខ។ កិច្ចប្រជុំតាមអនឡាញនេះដឹកនាំដោយឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC កាលពីថ្ងៃទី១ ខែមិថុនាម្សិលមិញ។

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានមានប្រសាសន៍ថា កិច្ចប្រជុំនេះផ្ដោតសំខាន់លើរបៀបវារៈសំខាន់ៗចំនួន ២ គឺការរៀបចំផែនការលើផ្នែកបច្ចេកទេស កីឡាករ-កីឡាការិនី ប្រតិភូកីឡា ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ និងការត្រៀមប្រតិភូជាន់ខ្ពស់ជាមួយក្រុមសិល្បៈសម្ដែងស្វាគមន៍ប្រតិភូស៊ីហ្គេម ឆ្ពោះមកស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលជាពិធីផ្ទេរតំណែង និងប្រគល់ទង់ស៊ីហ្គេមពីម្ចាស់ផ្ទះវៀតណាមមកស៊ីហ្គេមនៅកម្ពុជា។
គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមនៅវៀតណាមចុងឆ្នាំនេះ គ្រោងប្រកួតពីថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ដោយម្ចាស់ផ្ទះវៀតណាមបានកំណត់កីឡា ៤០ប្រភេទដាក់ឲ្យប្រកួត ក្នុងនោះកម្ពុជាក៏ត្រៀមបញ្ជូនអត្តពលិក ៣២ប្រភេទកីឡាចូលរួមប្រកួតផងដែរ។ អ្វីដែលសំខាន់ ម្ចាស់ផ្ទះបានអះអាងប្រាប់ប្រទេសសមាជិកអាស៊ានថា ទោះបីបច្ចុប្បន្នមានវិបត្តិកូវីដ-១៩ យ៉ាងណាក្ដី ក៏វៀតណាមនឹងរៀបចំព្រឹត្តិការណ៍ប្រចាំតំបន់ ២ឆ្នាំម្ដងនេះ ១០០% ពោលគឺមិនមានការលុបចោល ឬលើកពេលនោះទេ៕
អត្ថបទ៖ លី ឈុនឡា