ទីក្រុងមូស្គូ បាននិយាយថា កងកម្លាំងរុស្ស៊ី និងអាស៊ែរបៃហ្សង់ កាលពីថ្ងៃចន្ទ បានរងការវាយប្រហារដោយការបាញ់ស៊ីប ក្នុងតំបន់ ណាហ្គ័រណូ-ការ៉ាបាក់ ជាច្រើនថ្ងៃបន្ទាប់ពីទីក្រុង Baku ទទួលបានការចុះចាញ់ពីក្រុមអ្នកផ្តាច់ខ្លួនអាមេនី ក្នុងការវាយលុកដើម្បីដណ្តើមយកមកវិញការគ្រប់គ្រងទឹកដីតំបន់ភ្នំ។

ការរាយការណ៍បានកើតមានឡើង ខណៈប្រទេសអាមេនី បាននិយាយថាទាហានម្នាក់ត្រូវបានសម្លាប់តាមបណ្តោមព្រំដែនរួមគ្នាជាមួយប្រទេសអាស៊ែរបៃហ្សង់ ដែលបានបង្ហាញពី អស្ថិរភាពនៅតំបន់នេះ ទោះបីជាបន្ទាប់ពីដណ្តើមបានការគ្រប់គ្រងបានតំបន់ការ៉ាបាក់កាលពីសប្តាហ៍មុនក៏ដោយ។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា នៅក្នុងទីក្រុង Stepanakert ( ស្តេប៉ាណាគែរ) ការល្បាតរួមរបស់រុស្ស៊ី-អាស៊ែរបៃហ្សង់ ត្រូវបានបាញ់ប្រហារដោយក្រុមមនុស្សមិនស្គាល់អត្តសញ្ញាណ ដោយប្រើប្រាស់អាវុធបាញ់ស៊ីប ប៉ុន្តែគ្មានអ្នករងរបួសនោះទេ។
ក្រុមផ្តាច់ខ្លួន បានចុះចាញ់ និងបាននិយាយថាមនុស្ស២២០នាក់ ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នា ខណៈប្រទេសអាស៊ែរបៃហ្សង់ បានរាយការណ៍ថាមានអ្នកស្លាប់១៩៩នាក់។