ក្រុមដែលមានទំនាក់ទំនងជាមួយកងជីវពល បាននិយាយថា កូនប្រុសរបស់ លោក យ៉េវហ្គេ ព្រីហ្គោហ្ស៊ី បានចូលកាន់កាប់ទីបញ្ជាការរបស់ក្រុមទាហានស៊ីឈ្នួល Wagner ហើយកំពុងចរចាជាមួយទីក្រុងម៉ូស្គូអំពីការបញ្ជូនអ្នកប្រយុទ្ធរបស់ខ្លួនទៅចូលរួមសង្រ្គាមនៅអ៊ុយក្រែនវិញ។

វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម (ISW) បាននិយាយថា លោក ប៉ាវ៉ែល ព្រីហ្គោហ្ស៊ី (Pavel Prigozhin) មានវ័យ ២៥ឆ្នាំ កំពុងពិភាក្សាជាមួយឆ្មាំការពារជាតិរុស្ស៊ីអំពីអនាគតនៃក្រុមទាហានស៊ីឈ្នួលដែលបង្កើតឡើងដោយឪពុករបស់ខ្លួន នេះបើយោងតាមបណ្តាញ Telegram ដែលមានទំនាក់ទំនងជាមួយក្រុមទាហានស៊ីឈ្នួល Wagner ដ៏លេចធ្លោនេះ។
សមាសភាពប្រយុទ្ធសំខាន់ៗរបស់ក្រុម Wagner ត្រូវបានខ្ចាត់ខ្ចាយនៅក្នុងប្រទេសជាច្រើន រួមទាំងបេឡារុស សាធារណរដ្ឋអាហ្វ្រិកកណ្តាល លីប៊ី និងម៉ាលី ដោយយុទ្ធជនរបស់ខ្លួន បានដកខ្លួនចេញពីអ៊ុយក្រែន កាលពីដើមឆ្នាំនេះ។
ក្រុមនេះ មិនមានមេដឹកនាំច្បាស់លាស់ទេ ចាប់តាំងពីការស្លាប់របស់ លោក យ៉េវហ្គេ ព្រីហ្គោហ្ស៊ី ក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះ ក្នុងខែសីហា រយៈពេលពីរខែ បន្ទាប់ពីគាត់បានដឹកនាំការបះបោរ ដែលបរាជ័យក្នុងគោលបំណងដកតំណែងមេដឹកនាំយោធាជាន់ខ្ពស់របស់រុស្ស៊ីជុំវិញការបរាជ័យប្រតិបត្តិការ នៅក្នុងសង្គ្រាមអ៊ុយក្រែន។

