ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកមហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៣ ក្រោមប្រធានបទ «វប្បធម៌សន្តិភាព» រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២-៤ ខែតុលា ឆ្នាំ២០២៣ ស្របពេលដែលទម្រង់សិល្បៈចាប៉ីដងវែង និងទម្រង់សិល្បៈ បុរាណ ខ្មែរផ្សេងៗទៀត កំពុងថមថយ នៃការគាំទ្រពីមហាជនគ្រប់ស្រទាប់ថ្នាក់ នាសម័យសកលភាវូបនីយកម្ម។
លោក ឈាង ឆដាភ័ក្ត ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព បានឲ្យដឹងថា មហោស្រពចាប៉ីដងវែងប្រារព្ធឡើងដើម្បីចូលរួមថែរក្សាលើកស្ទួយតម្លៃសិល្បៈវប្បធម៌ប្រពៃណីជាតិ អត្តសញ្ញាណជាតិ សម្ដៅរួមចំណែកអភិវឌ្ឍសង្គម និងលើកកម្ពស់ កិត្យានុភាពជាតិ។ ទន្ទឹមនឹងនោះ ឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត តម្រូវឱ្យបេក្ខជន ទាំង០៥រូប ឡើងមកប្រឡងផ្ទាល់នៅរោងមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព រាជធានីភ្នំពេញ ដើម្បីប្រកួតប្រជែងយកជ័យលាភីលេខ១ លេខ២ និងលេខ៣។ ក្នុងនោះដែរបេក្ខជន ០៥រូប ដែលមានឱកាសបានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មានដូចជា៖លោក សាត វណ្ណា មកពីរាជធានីភ្នំពេញ, លោក សូរ សារ៉ន មកពីខេត្តស្វាយរៀង, លោក ណូន សុខ មកពីខេត្តសៀមរាប, លោក ឆុន តុលា មកពីខេត្តសៀមរាប, លោក ច្រឹក សេ មកពីខេត្តសៀមរាបឯកឧត្តមគណៈអធិបតី ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្វីដែលខ្ញុំបាទបានរៀបរាប់ខាងលើនេះ គឺជាសេចក្តីរាយការណ៍សង្ខេបអំពីដំណើរការនៃការរៀបចំមហោស្រពចាប៉ីដងវែងឆ្នាំ២០២៣នេះ។
ជាមួយគ្នានោះដែរ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការតំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងថា ការរៀបចំមហោស្រពនេះ ដោយមានសិល្បករ សិល្បការិនី មកពីគ្រប់រាជធានី-ខេត្ត ចូល រួមជាមួយគ្នា ប្រកបដោយសេចក្ដីសប្បាយរីករាយនាពេលនេះ អាចដំណើរការទៅបាន ក៏ដោយសារ កម្ពុជាយើងមានសុខសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍ។ ទន្ទឹមនេះ ការលើកយកប្រធានបទ “វប្បធម៌សន្តិភាព” គឺពិតជាមានសារសំខាន់ណាស់ ក្នុងបរិការណ៍នៃពិភពលោក កំពុងប្រឈមនឹងភាព តានតឹងកាន់តែស្រួចស្រាល់ សំដៅលើកកម្ពស់ការយល់ដឹងបន្ថែមទៀតអំពីអត្ថន័យនៃសន្ដិភាព ឱ្យកាន់តែទូលំទូលាយ ក្នុងគោលបំណងពង្រឹងសាមគ្គីភាព ឯកភាពជាតិ និងរួមគ្នាថែរក្សាការពារឱ្យបានគង់វង្សនូវសុខសន្ដិភាពយូរអង្វែង ដើម្បីភាពសុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍរីកចម្រើន ក្នុងសង្គមជាតិយើង។យើងដឹងហើយថា អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ កម្ពុជាទើបតែបានសុខសាន្ត រស់នៅ ក្នុងសុខសន្តិភាពពេញលេញ និងឯកភាពជាតិទាំងស្រុង ក្រោយពីបានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ ការបែក បាក់ រងទុក្ខវេទនារកទីបំផុតគ្មាន អស់ជាច្រើនសតវត្សកន្លងមកហើយ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅឆ្នាំ១៩៩៨ បានធ្វើឱ្យប្រជាជនកម្ពុជារស់នៅដោយសុខដុមរមនា ស្គាល់តម្លៃនៃសន្តិភាព ពុំអាចកាត់ថ្លៃបាន ដែលជាមូលដ្ឋានគ្រឹះនៃការកសាង និងអភិវឌ្ឍជាតិក្នុងគ្រប់វិស័យ រួមទាំងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ និងប្រពៃណីជាតិ ដែលជាកេរមរតកដ៏ឧត្ដុង្គឧត្តម នៃបុព្វបុរសខ្មែរជាច្រើនជំនាន់ បានបន្សល់ទុកជូនអ្នកជំនាន់ក្រោយ។
ឯកឧត្តម បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល២៥ឆ្នាំកន្លងមក នៅក្រោមម្លប់ នៃសុខសន្តិភាពនេះ កម្ពុជា សម្រេចបាននូវសមិទ្ធផលធំៗ ជាច្រើនសម្រាប់សង្គមជាតិ ក្នុងនោះដួងព្រលឹងនៃមរតកវប្បធម៌ខ្មែរ ទាំងរូបី និងអរូបី ដែលធ្លាប់ត្រូវបានរងការបំផ្លិចបំផ្លាញ ការលួច និងបាត់បង់ ឬខូចខាត ដោយសារសង្គ្រាម និងអសន្តិសុខ ឥឡូវត្រូវបានស្ដារឱ្យរស់ និងលើកស្ទួយឡើងវិញ ជាបេតិកភណ្ឌជាតិ និងត្រូវបានសហគមន៍អន្តរជាតិទទួល ស្គាល់ជាបេតិកភណ្ឌពិភពលោក ជាបន្តបន្ទាប់។ ជាក់ស្តែងសិល្បៈចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ ហើយថ្មីៗនេះ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានអង្គការយូណេស្កូ សម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលជាមោទកភាពដ៏ធំធេងថ្មីមួយទៀត សម្រាប់ជាតិ និងប្រជាជនកម្ពុជាយើងទាំងមូល ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមម្លប់នៃសុខសន្តិភាព។ អរគុណនយោបាយឈ្នះ-ឈ្នះ! អរគុណសន្តិភាព! ជាពិសេសក្រសួងសូមចាត់ទុកថា ការរៀបចំ មហោស្រពចាប៉ីដងវែងនេះ គឺជាព្រឹត្តិការណ៍វប្បធម៌មួយមានសារៈសំខាន់ ក្នុងការរួមចំណែកដល់ការអភិរក្ស និងលើកស្ទួយសិល្បៈចាប៉ីដងវែង ដែលជាទម្រង់មរតក វប្បធម៌អរូបីដ៏ចំណាស់មួយរបស់កម្ពុជា និងជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ឱ្យបានស្ថិតស្ថេរជាអមតៈក្នុងបេះដូងកូនខ្មែរគ្រប់រូប ក្នុងគោលបំណងថែរក្សានូវក្បួនខ្នាតនៃទម្រង់សិល្បៈ ចាប៉ីដងវែងឱ្យបានគង់វង្ស និងរីកចម្រើនថ្កុំថ្កើងទៅអនាគត៕ អត្ថបទ៖ រដ្ឋា




















