ព្រះវិហារ ៖ បន្ទាប់ពីក្រសួងអប់រំយុវជន និងកីឡាបានប្រកាសអោយមានសាលាសាធារណៈបើកដំណើរសិក្សាឡើងវិញ មកដល់ពេលនេះ បណ្តាសិស្សានុសិស្សនៅក្នុងវិទ្យាល័យ ហ៊ុន សែន ជាំក្សាន្ត ក៏ដូចជាសិស្សានុសិស្សនៅតាមសាលារៀននានាទៀត ក្នុងខេត្តព្រះវិហារ បានអនុវត្តរបៀបនៃការចូលរៀនសូត្រតាមបែបថ្មីបានល្អប្រសើរជាពិសេសគឺការវាស់កំដៅមុនពេលចូលបរិវេណសាលា ពាក់ម៉ាស និងឧស្សាហ៍លាងដៃ បន្ទាប់ពីបានប៉ះរបស់របររួមគ្នាជាដើម។
បើតាមកញ្ញា ហូយ ចិន្តាលី សិស្សវិទ្យាល័យហ៊ុនសែន ជាំក្សាន្ត បានថ្លែងប្រាប់BTV នៅថ្ងៃទី២២ ខែតុលានេះថា សម្រាប់ការចូលរៀនសូត្រឡើងវិញតាមបែបថ្មីដើម្បីបង្ការទប់ស្កាត់មេរោគ COVID-19 ដែលមានការវាស់កំដៅ ពាក់ម៉ាស់ អង្គុយរក្សាគម្លាតគ្នា និងឧស្សាហ៍លាងដៃ ទឹកសាប៊ូ អាកុល ជែល ជាដើម គឺវាបានក្លាយជាទម្លាប់មួយដែលមិនអាចខ្វះបានក្នុងការពារខ្លួនរួចពីមេរោគ COVID-19 ជាពិសេសនៅពេលចូលសាលារៀន និង នៅតាមទីសាធារណៈជាដើម។
កញ្ញា ក៏ដូចសិស្សានុសិស្សផ្សេងទៀត បានថ្លែងថា សម្រាប់ការងារផ្លាស់ប្តូរទំលាប់ចូលរៀនតាមបែបថ្មី ភាគច្រើនគឺសិស្សានុសិស្សទាំងអស់អាចអនុវត្តបាន ប៉ុន្តែការកែតម្រូវម៉ោងសិក្សាតាមបែបថ្មី គឺវាហាក់ដូចជា មានរយៈពេលខ្លី ដែលបញ្ហានេះ ធ្វើអោយគេពិបាកសិក្សាស្វែងយល់យកចំណេះដឹង។
បើតាមលោកគ្រូគណិតវិទ្យា ចាន់ សុភក្ត្រា ក៏គ្រូនានាទៀត បានថ្លែងថា សម្រាប់ការសិក្សាតាមបែបថ្មីនេះ គ្រប់គ្រូទាំងអស់ បានតម្រូវអោយសិស្សានុសិស្សទាំងអស់ត្រូវអនុវត្តតាមបទបញ្ជាដែលសាលាបានដាក់ចេញ និងបានតម្រូវអោយសិស្សប្រកាន់ខ្ជាប់នូវវិធានអនាម័យដែលក្រសួងសុខាភិបាល និងក្រសួងអប់រំយុវជន និងកីឡា។
នៅក្នុងឱកាសចុះត្រួតពិនិត្យការសិក្សារៀនសូត្រតាមបែបថ្មី នៅក្នុងវិទ្យាល័យ ហ៊ុន សែន ជាំក្សាន្តនេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រី លី អាយឡែន តំណាងអង្គការសុខភាពពិភពលោក ប្រកាសនៅកម្ពុជា បានថ្លែងកោតសរសើរខ្ពស់ចំពោះសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ បានអនុវត្តវិធានអនាម័យ បង្ការទប់ស្កាត់ Covid-19 នៅក្នុងសាលារៀន និងការទប់ស្កាត់ការរាតត្បាត COVID-19 នៅក្នុងសហគមន៍ តាមរយៈការអប់រំផ្សព្វផ្សាយនៅក្នុងសាលារៀន ការបំពាក់សម្ភារៈវាស់កម្ដៅសិស្ស រៀបចំកែច្នៃរដាក់កន្លែងលាងដៃសិស្សដែលបញ្ហានេះ គឺបានជំរុញអោយសិស្សមានផ្លាស់ប្ដូរទម្លាប់ការរស់នៅតាមបែបថ្មីបានល្អប្រសើរ៕
អត្ថបទ ៖ ស៊ុម សុខជា




