ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានប្រសាសន៍ថា បច្ចុប្បន្នភាពនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នៅក្នុងទូទាំងប្រទេសរយៈពេលប៉ុន្មានថ្ងៃមកនេះបាន ប្រព្រឹត្តទៅយ៉ាងល្អ បើទោះបីជាមានការរំខានដោយសារភ្លៀងធ្លាក់ និងទឹកជំនន់នៅតាមបណ្តាខេត្តមួយចំនួនក៍ដោយ។
ឯកឧត្តម ប្រាជ្ញ ចន្ទ័ ប្រធាន គ.ជ.ប មានប្រសាសន៍ក្នុងឱកាស ចុះពិនិត្យដំណើរការចុះឈ្មោះថ្មី និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២៣ នៅក្នុងមូលដ្ឋានសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ និងតាមមូលដ្ឋានឃុំសង្កាត់ជាច្រើនទៀតក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៣ ខែតុលាឆ្នាំ២០២៣នេះថា ឃុំសង្កាត់ចំនួនជាង ១ពាន់៦៥២ឃុំសង្កាត់នៅទូទាំងប្រទេសបានដំណើរការល្អ ដោយមានប្រជាពលរដ្ឋបានមកពិនិត្យឈ្មោះ និងចុះឈ្មោះថ្មីសម្រាប់អ្នកគ្រប់អាយុ និងអ្នកដែលធ្វើការផ្លាស់ទីលំនៅថ្មីជាដើម។
ទន្ទឹមហ្នឹងនោះលោក ផាន ហួត ចៅសង្កាត់ស្វាយប៉ាក និងប្រជាពលរដ្ឋដែលបានមកធ្វើបច្ចប្បន្នភាពថ្មីដើម្បីបំពេញសិទ្ធជាពលរដ្ឋក្នុងការចូលរួមបោះឆ្នោតនាពេលខាងមុខៗនោះក៏បានសំដែងក្តីរីករាយ និងអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុសូមមកចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះអោយបានគ្រប់គ្នា។
សូមជម្រាបជូនថា បើតាម គ.ជ.ប ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ តាមឃុំ សង្កាត់ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕ អត្ថបទ៖ ភារម្យ
























