លោក ដួង មាសចំរើន អគ្គនាយករង អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកមន្ដ្រីបច្ចេកទេស គឺជាធនធានដ៏សំខាន់ ដើម្បីជំរុញការអភិវឌ្ឍន៍ និងលើកកម្ពស់សក្ដានុពលកីឡាលើកទម្ងន់កម្ពុជា ប្រកបដោយគុណតម្លៃ និងប្រជាប្រិយ៍ភាពសម្រាប់ប្រជាពលរដ្ឋទូទៅ ។
ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសកីឡាលើកទម្ងន់ថ្នាក់ជាតិ លើកទី៣ ឆ្នាំ២០២៣ បន្ទាប់ពីដំណើរការរយៈពេល ៣ថ្ងៃ ដែលទើបបញ្ចប់កាលពីចុងសប្ដាហ៍កន្លងទៅ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

មន្ដ្រីជំនាញ នៃក្រសួងអប់រំដដែលបន្ដថា វគ្គបណ្ដុះបណ្ដាលនេះ ពិតជាមានសារៈសំខាន់ សម្រាប់សហព័ន្ធ ដែលជាប្រភេទកីឡាអូឡាំពិក ។ សម្រាប់សហព័ន្ធថ្មី ដែលទើបកកើត មន្ដ្រីបច្ចេកទេស ក្នុងនាមជាអ្នកសម្រេចចិត្តកាត់សេចក្ដី អនុវត្តទៅតាមច្បាប់អន្ដរជាតិ ប្រកបដោយតម្លាភាព យុត្តិធម៌ និងមានការទទួលខុសត្រូវក្រមសិលធម៌ និងវិជ្ជាជីវ។

ដូច្នេះការអភិវឌ្ឍវិស័យកីឡាលើកទម្ងន់ឲ្យក្លាយជាប្រភេទកីឡា ដែលមានសក្តានុពល មានប្រជាប្រិយ៍ភាព ដើម្បីសុខភាពប្រជាពលរដ្ឋ គឺជាយុទ្ធសាស្ត្រដ៏ធំធេងណាស់ ត្រូវការកត្តារួមផ្សំពីគ្រប់មជ្ឈដ្ឋាន មន្ត្រីបច្ចេកទេស គ្រូបង្វឹក និងអត្តពលិក ត្រូវស្វែងយល់អំពីច្បាប់ បទបញ្ជាការប្រកួតឲ្យបានច្បាស់លាស់ និងត្រូវផ្សព្វផ្សាយពីរបៀប នីតិវិធីនៃការហ្វឹកហាត់ ការប្រកួត ទៅដល់អាណាព្យាបាល និងមហាជន ដើម្បីជៀសវាងនូវការយល់ច្រឡំ នាំឲ្យបានបង់នូវតម្លៃមន្ត្រីបច្ចេកទេស និងប្រជាប្រីយ៍ភាពសហព័ន្ធ ។

តាមរយៈនេះ លោកបានជំរុញសហព័ន្ធសាមី ត្រូវបន្ដយកចិត្តទុកដាក់ ហើយបន្ដរៀបចំវគ្គបណ្ដុះបណ្ដាលកម្រិតអន្ដរជាតិបន្ថែមទៀត ដើម្បីឆ្លើយតបតម្រូវការ នៃការរីកចម្រើនវិស័យកីឡាជាតិបច្ចុប្បន្ន សម្រាប់ត្រៀមការប្រកួតកីឡាលើកទម្ងន់អន្ដរជាតិនានានា ពិសេសដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ក៏ដូចជាការចូលរួមរៀបចំការប្រកួតកីឡាជាតិ លើកទី៤ នាឆ្នាំ២០២៤ ខាងមុខផងដែរ ។
លោក សំ សុខយី អគ្គលេខាធិការ បានបញ្ជាក់ថា វគ្គនេះ មានសិក្ខាកាមចូលរួម ២០នាក់ មកពី ៤រាជធានី-ខេត្ត ។ ជាលទ្ធផលក្រោយសិក្សា ៣ថ្ងៃ មានសិក្ខាកាមទទួលបាននិទ្ទេសល្អ ៣៥% ស្មើនឹង ៧នាក់, និទ្ទេសល្អបង្គួរ ៥៥% ស្មើនឹង ១១នាក់ និងសិក្ខាកាមទទួលបាននិទ្ទេសមធ្យមចំនួន ១០% ស្មើនឹង ២នាក់ ៕ អត្ថបទ លី ឈុនឡា

