ការប្រកួតនៅក្នុងក្របខណ្ឌក្លិបកំពូលអាស៊ី AFC Champions League រវាងក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់ Sepahan និង ក្រុមភ្ញៀវអារ៉ាប៊ីសាអ៊ូឌីត Al-Ittihad យប់ថ្ងៃចន្ទម្សិលមិញនេះ ត្រូវបានផ្អាកវិញក្រោយក្រុម Al-Ittihad បដិសេធមិនដើរចូលទីលានប្រកួត។

ក្រុមភ្ញៀវអារ៉ាប៊ីសាអ៊ូឌីតដែលដឹកនាំដោយអតីតគ្រូបង្វឹក Spurs, Nuno Espirito Santo និងតារាបាល់ទាត់ពីអឺរ៉ុបមួយចំនួនដូចជា N’Golo Kante និង Fabinho ជាដើម បានបដិសេធមិនចូលទីលានប្រកួត ដោយសាររូបសំណាកឧត្តមសេនីយអ៊ីរ៉ង់ដែលត្រូវបានគេសម្លាប់ ដាក់តាំងនៅច្រកចូលទីលានប្រកួត។

អ្នកគាំទ្រប្រមាណ ៦០០០០ នាក់បានចូលពេញទីលានប្រកួតកីឡដ្ឋាន Naghsh-e Jahn នៅទីក្រុង Isfahan ប្រទេសអ៊ីរ៉ង់ រង់ចាំតែការប្រកួតចាប់ផ្តើមប៉ុណ្ណោះ។
ភាពតានតឹងរវាងប្រទេសទាំងពីរអ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត ហាក់បានកំរើកឡើងវិញ បន្ទាប់ពីក្រុមបាល់ទាត់នៃប្រទេសទាំងពីរតែងតែប្រកួតនៅទឹកដីកណ្តាលតាំងពីឆ្នាំ ២០១៦ ដោយសារបញ្ហាសន្តិសុខ មុនពេលដែល AFC បានប្រកាសកាលពីដើមរដូវកាលថា ភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងលេងក្នុងដីរៀងខ្លួនវិញ។

រូបសំណាកឧត្តមសេនីយអ៊ីរ៉ង់ Qasem Soleiman ត្រូវបានសាងសង់ឡើង បន្ទាប់ពីលោក Qasem ត្រូវបានគេសម្លាប់នៅអាកាសយានដ្ឋានក្បែទីក្រុង Baghdad ដោយការវាយប្រហារដ្រូនរបស់សហរដ្ឋអាមេរិកកាលពីខែមករាឆ្នាំ ២០២០។

អារ៉ាប៊ីសាអូឌីតបានចាត់ទុក Soleimani និងមេបញ្ជាការជាន់ខ្ពស់ផ្សេងទៀតនៃកងកម្លាំង Quds ដែលជាដៃប្រតិបត្តិការក្រៅប្រទេសរបស់កងឆ្មាំបដិវត្តន៍ឥស្សរជនរបស់អ៊ីរ៉ង់ថាជាភេរវករក្នុងឆ្នាំ ២០១៨៕ អត្ថបទ៖នាង សុភាវុធ
