ពោធិ៍សាត់ ៖ ៖សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្ដល់ អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១.៨៤៥ គ្រួសារ ក្នុងឃុំចំនួន ១៦ នៃក្រុងពោធិ៍សាត់ ស្រុកកណ្ដៀង ស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១.៨៤៥ គ្រួសារ នៃក្រុងពោធិ៍សាត់ ស្រុកកណ្ដៀង ស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ពិធីចែកអំណោយ មនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងទាំង ១.៨៤៥ គ្រួសារនេះ នឹងប្រព្រឹត្តទៅរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ដែលមន្ត្រីតំណាងពីកាកបាទក្រហមកម្ពុជា មានឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនៃនាយកដ្ឋានគ្រប់គ្រង គ្រោះមហន្តរាយ ចុះចែកពីថ្ងៃទី ៤-៥ នៅស្រុកកណ្ដៀង (៩២៥គ្រួសារ) និងក្រុងពោធិ៍សាត់ (៣៧៥គ្រួសារ)។
ចំណែកលោកវេជ្ជ. អ៊ុយ សំអុន នាយករង នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ចុះចែកពីថ្ងៃទី ៦-៧ នៅស្រុក ភ្នំក្រវាញ (៣២០គ្រួសារ) និងស្រុកវាលវែង (២២៥គ្រួសារ)។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗ នឹងទទួលបានអំណោយរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១ កេស, ត្រីខ ១០ កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា) ១ កញ្ចប់, ទឹកស៊ីអីវ ឬទឹកត្រី ៦ដប ដែលគិតសរុបជាថវិកាស្មើ ៦៦.៨៨៨,០០ ដុល្លារអាមេរិក៕
អត្ថបទ៖ វ៉ន ដារ៉ា

